ខេត្តតាកែវ ៖ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ម្សិលមិញនេះ មនុស្សចំនួន៦នាក់ ដែលជាមេការ ក្រុមហ៊ុនអាហារបំប៉ន Unicity Cambodia ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងខេត្តតាកែវ ចេញដីកាសម្រេចឃុំខ្លួនដាក់ពន្ធនាគារ បណ្តោះអាសន្ន ខណៈម្នាក់ជាស្ត្រីដែលមានកូនខ្ចី ត្រូវបានដាក់ឲ្យនៅក្រៅឃុំ បន្ទាប់ពីពួកគេបាន ដឹកនាំប្រមូលផ្តុំ មនុស្សប្រមាណជិត៤០០នាក់ មកសិក្សាវគ្គរៀនសូត្រ ផ្នែកអាហារបំប៉នសុខភាព របស់ក្រុមហ៊ុន Unicity ខាងលើ។
មេការ ក្រុមហ៊ុនអាហារបំប៉ន Unicity Cambodia ទាំង៧នាក់នេះ ត្រូវបានតំណាងអយ្យការ ធ្វើការចោទប្រកាន់តាមច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ និងជំងឺកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀតក្នុងមាត្រាទី១១។
ក្នុងនោះ យោងតាមច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត មាត្រា១១ បានចែងថា អំពើរារាំងដល់ការអនុវត្តវិធានការ ឬបង្កឧបសគ្គដោយចេតនា ដល់វិធានការដែលបានដាក់ចេញស្របតាមច្បាប់ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ខែទៅដល់៣ឆ្នាំ និងពិន័យជាប្រាក់ចំនួនចាប់ពី២លានរៀល ទៅ១០លានរៀល។ ហើយបើករណីខាងលើបណ្តាលឲ្យមានការចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ ឬប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៥លានរៀលទៅ ២០លានរៀល ។
សូមបញ្ជាក់ថា យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តតាកែវ បានឲ្យដឹងថា នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានដឹកនាំកម្លាំងផែនការងារសន្តិសុខ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងដូនកែវ ដោយមានការសម្របសម្រួលពីឯកឧត្ដម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ បានចុះត្រួតពិនិត្យឆែកឆេរ រកឃើញប្រជាពលរដ្ឋចំនួន៣៨៥នាក់ មកពីខេត្តតាកែវ កំពត កែប កណ្តាល និងខេត្តផ្សេងៗទៀត។
បន្ទាប់ពីបានសាកសួរកម្លាំងជំនាញបានធ្វើការឃាត់ខ្លួនមនុស្សចំនួន០៧នាក់ ស្រី០២នាក់(មេខ្យល់) ដែលបានអះអាងថាពួកគេជាតំណាងចែកចាយផលិតផលឯករាជ្យ ជាផលិតផលបំប៉នសុខភាពរបស់ក្រុមហ៊ុន (UNICITY) រួមមាន៖
១-ឈ្មោះ ស៊ី ណាត ភេទប្រុស អាយុ៤១ឆ្នាំរស់នៅភូមិកែវស្នា ឃុំឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង។
២-ឈ្មោះ ស្រេង បានិន ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិតាមឿន ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
៣-ឈ្មោះ អ៊ុយ សិលា ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិកំពង់បាយ សង្កាត់កំពត ក្រុងកំពត ខេត្តកំពត។
៤-ឈ្មោះ ប៉ិច សាបឿន ភេទស្រី អាយុ៤១ឆ្នាំ រស់នៅភូមិកែស្នា ឃុំឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង។
៥-ឈ្មោះ កែវ ឌីណា ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិព្រែកគ្រួស ឃុំសូគង ស្រុកកងមាស ខេត្តកំពង់ចាម។
៦-ឈ្មោះ នូ ចន្ថន ភេទស្រី អាយុ៣៤ឆ្នាំ រស់នៅភូមិព្រែកគ្រួស ឃុំសូគង ស្រុកកងមាស ខេត្តកំពង់ចាម។
៧-ឈ្មោះ សន ឧត្ដម ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិចំការបី សង្កាត់ដំណាក់ចង្អើរ ក្រុងកែប ខេត្តកែប។
ការជួបជុំនេះ ត្រូវបានសមត្ថកិច្ចឲ្យដឹងថា ពួកគេមិនបានសុំការអនុញ្ញាតពីអាជ្ញាធរឡើយ ពិសេសនោះ គឺល្មើសនឹងវិធានរដ្ឋបាល និងវិធានសុខាភិបាល ។
បន្ទាប់មក មនុស្សទាំង៣៨៦នាក់ ដែលមកពីបណ្តាលខេត្តផ្សេងៗ ត្រូវបានអាជ្ញាធខេត្តតាកែវបានទាក់ទងដល់ អាជ្ញាធរខេត្តរបស់ពួកគេយករថយន្តមកដឹក នៅសល់អាជ្ញាធរខេត្តតាកែវបានយករថយន្តដឹក ជញ្ជូនឲ្យត្រឡប់ទៅស្រុកវិញ ដោយឡែក មនុស្សទាំង០៧នាក់ដែលជាមេ និងជាមេការ ខាងលើនេះត្រូវបានបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តតាកែវ រួចបញ្ជូនទៅតុលាការ ៕