រាជធានីភ្នំពេញ ៖ ក្រុមជនសង្ស័យចំនួន៣នាក់ ដែលមានមុខរបរជាអ្នកអីវ៉ាន់តាមអនឡាញ ការពិតគឺជាមុខសញ្ញាឆក់យ៉ាងសកម្ម ក្នុងរាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ភ្នំពេញថ្មី ស្រាវជ្រាវចាប់ខ្លួនបាន៣នាក់ ខណៈបក្ខពួកម្នាក់ទៀតរត់គេចខ្លួនបាត់ កាលពីវេលាម៉ោង១១យប់ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ចំណុចមុខស្ថានីយ៍ប្រេងតេលា ផ្លូវ១៩៧០ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ រួមមាន ៖១-ឈ្មោះ ហេង សុខលី ហៅតឿ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរដឹកអីវ៉ាន់អនឡាញ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិគោកបញ្ជាន់ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ,២-ឈ្មោះ យ៉េង ឌីណា ភេទប្រុស អាយុ១៨ឆ្នាំមុខរបរដឹកអីវ៉ាន់អនឡាញ ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិថ្មគោល សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ និងទី៣-ឈ្មោះ សុខ ដា ភេទប្រុស អាយុ២១ឆ្នាំមុខរបរដឹកអីវ៉ាន់អនឡាញ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវ១០៧ សង្កាត់អូឬស្សី៤ ខណ្ឌ៧មករា។ ពួកគេបានធ្វើសកម្មភាពឆក់ យកកាបូបស្ពាយពីជនរងគ្រោះម្នាក់ឈ្មោះ យ៉ា ធារី ភេទស្រី អាយុ៤១ឆ្នាំ ដែលមានលុយដុល្លារ២១០ដុល្លារ , លុយខ្មែរ៦០ម៉ឺនរៀល , ទូរស័ព្ទដៃ១គ្រឿងម៉ាកVIVO និងសម្ភារៈមួយចំនួន។
ក្នុងនោះសមត្ថកិច្ចធ្វើការដកហូតបាន ម៉ូតូ០២គ្រឿង ទី១.ម៉ាកស៊ុយសាគីនិច ពណ៌សលាយក្រហម ស៊េរីឆ្នាំ២០២១ ពាក់ស្លាកលេខ ភ្នំពេញ1LS-0206 , និងទី២ ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខ ភ្នំពេញ1HZ-4788 បញ្ជូនមកកាន់ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីសាកសួនិងឃុំខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាមនីតិវិធីច្បាប់បន្តទៀត៕