រាជធានីភ្នំពេញ ៖ អគ្គិភ័យមួយ បានឆាបឆេះនៅផ្ទះមួយកន្លែង បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦និង២០នាទីព្រឹក ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ នៅចំណុចផ្ទះលេខ4E ផ្លូវ៤០៤ ភូមិ១ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
បន្ទាប់ពីទទួលព័ត៌មានភ្លាមឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងការ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យលោកវរសេនីយ៍ឯក ព្រំ យ៉ត នាយការិយាល័យបង្ការ និងសង្គ្រោះ និងកម្លាំងមូលដ្ឋានបានជួយអន្តរាគមន៍ភ្លាមៗ។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ទីតាំងរងគ្រោះឈ្មោះ Chen You Bing ភេទប្រុស អាយុ៥១ឆាំ្ន មុខរបរ អាជីវករ លក់គ្រឿងអគិ្គសនី។
សមត្ថកិច្ចបន្តថា មូលហេតុ ឆ្លងចរន្តអគិ្គសនី។ ក្នុងហេតុការណ៍អគ្គិភ័យខាងលើបណ្តាលឲ្យឆេះផ្ទះលែ្វងទំហំ៤ម៉ែត្រx១៦ម៉ែត្រ ចំនួន១លែ្វង, ឆេះគ្រឿងអគ្គិសនីដែលស្តុបទុកក្នុងទីតាំងកើតខាងលើប្រហែល៦៥% និងបានបណ្តាលអោយឆេះរោលដល់ផ្ទះជិតខាងចំនួន២លែ្វង។
ក្នុងកិច្ចអន្តរាគមន៍នោះបណ្តាលឲ្យមន្ត្រីអគ្គិភ័យម្នាក់ឈ្មោះ ឌួង ចាន់សត្យា ភេទប្រុស អាយុ៣៣ឆាំ្ន រងរបួសផងដែរ។ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន១៣គ្រឿង ប្រើប្រាស់ទឹកអស់៣៧ឡាន ស្មើនិង១៥ម៉ែត្រគូប ទើបគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង។
ជាមួយគ្នានោះដែរក៏មានវត្តមានលោក ធឹម សំអាន អភិបាលខណ្ឌបឹងកេង និងលោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកង បានដឹកនាំកម្លាំងចុះផ្ទាល់ដើម្បីជួយអន្តរាគមន៍ករណីអគ្គិភ័យនោះដែរ ៕ អគ្គស្នងការដ្ឋាននគរបាលជាតិ