ខេត្តកណ្តាល ៖ យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យដឹងថា ម្ចាស់គណនីហ្វេសប៊ុក សុំមិនបញ្ចេញឈ្មោះ បានខមិនក្នុងហ្វេសប៊ុកផេកស្នងការដ្ឋាននគរបាលខេត្តកណ្ដាល មានខ្លឹមសារថា៖ « សូមជួយមើលផងលោកពូល្បែងស៊ីសងច្រើនណាស់នៅភូមិកំពង់ពោធិ៍ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល» ។
បន្ទាប់ពីទទួលបានព័ត៌មានខាងលើភ្លាម ដោយមានការចង្អុលបង្ហាញពីក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សខេត្ត លោកវរសេនីយ៍ឯក អាំ ធូ អធិការនគរបាលស្រុកលើកដែក បានបញ្ជាឱ្យកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ភ្នំ សហការជាមួយកម្លាំងផ្នែកជំនាញយុត្តិធម៌ ស្រុកចុះស្រាវជ្រាវបង្រ្កាបករណីខាងលើ ។
ជាលទ្ធផល៖ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ១៥និង៣៥នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ភ្នំ បានដាក់កម្លាំងស្រាវជ្រាវនិងបង្រ្កាបនៅចំណុចផ្ទះឈ្មោះ ម៉ិល សុភី ស្ថិតភូមិកំពង់ពោធិ៍ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល បានឃាត់ខ្លួនមុខសញ្ញាកំពុងលេងល្បែងស៊ីសង ចំនួន០៥នាក់ និងចាប់យកវត្ថុតាងមួយចំនួន រួមមាន៖
១- ឈ្មោះ ម៉ិល សុភី ភេទស្រី អាយុ៥៦ឆ្នាំនៅភូមិកំពង់ពោធ៍
២-ឈ្មោះ សាត ទី ភេទស្រី អាយុ ៣៦ឆ្នាំ នៅភូមិកំពង់ពោធិ៍
៣-ឈ្មោះ វ៉ន ញ៉ឹប ភេទស្រី អាយុ ៥១ ឆ្នាំនៅភូមិកំពង់ពោធិ៍
៤-ឈ្មោះ ផាត ម៉ាប់ ភេទស្រី អាយុ ៣៣ ឆ្នាំ នៅភូមិកំពង់ពោធិ៍
៥-ឈ្មោះ ហេង សៀងង៉ ភេទស្រី អាយុ ៥៤ឆ្នាំ នៅភូមិក្បាលជ្រោយ។
ក្នុងនោះសមត្ថកិច្ចដកហូត វត្ថុតាងចាប់យករួមមាន៖
១-បៀរនីឡុងចំនួន ១០៣ សន្លឹក
២-ប្រអប់បៀរចំនួន ០២
៣-ទូរសព្ទ័ OPPO ០១ គ្រឿង
៤-កន្សែងពណ៍ក្រហមចំនួន ០១
៥-កំប៉ុងជរ័ចំនួន ០១
៦-លុយចំនួន ១០២,៥០០ រៀល។
ក្រោយពីធ្វើការបង្រ្កាបកម្លាំងសមត្ថកិច្ចបានបញ្ជូនអ្នកពាក់ព័ន្ធទាំង០៥នាក់ រួមទាំងវត្ថុតាង មកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ភ្នំ។ បន្ទាប់ពីសួរនាំរួច ដោយផ្អែកតាមចម្លើយសារភាព ឃើញថាអ្នកទាំង០៥នាក់បានលេងល្បែង(បៀរ) ស៊ីគូថៃតិចតួច កម្លាំងសមត្ថកិច្ចបានធ្វើកិច្ចសន្យា ណែនាំ អប់រំ ជាលើកទី១ ឲ្យបញ្ឈប់ដាច់ខាតការប្រមូលផ្តុំគ្នាលេងល្បែងស៉ីសងគ្រប់ប្រភេទចាប់ពីពេលនេះតទៅ រួចឲ្យពួកគាត់ត្រឡប់ទៅគេហដ្ឋានវិញ ៕