ជាងជួសជុលម៉ូតូ ជិះម៉ូតូមកកា.ប់ជាងដែក ២កាំបិ.តប៉័ងតោចំកញ្ចឹ.ង.ក ដេរ១៥០ថ្នេរ ដល់ផ្ទះ សងសឹករឿងកាលពី៥ថ្ងៃមុន
សន្តិសុខសង្គម
323

ខេត្តកណ្តាល ៖ យោងតាមផេក អធិការដ្ឋាននគរបាលស្រុកអង្គស្នួល បានឲ្យដឹងថា ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការចាប់ឃាត់ខ្លួននៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ក្រោយយកកាំបិតបុង័តោពីចង្កេះ កាប់ប្រហារទៅលើជនរងគ្រោះ ជាជាងដែក ២បុង័តោ ចំកញ្ចឹងក បណ្តាលឲ្យរបួសធ្ងន់ដេរ១៥០ថ្នេរ កាលពីវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ នៅផ្ទះជនរងគ្រោះ ភូមិទួលខ្លុង ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល សងសឹករឿងកាលពី៥ថ្ងៃមុន ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ លី សំអុល ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរជាងដែក នៅភូមិទួលខ្លុង ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល ត្រូវជនសង្ស័យកាប់ចំនួន០២កាំបិតមានរបួសធ្ងន់ត្រង់កញ្ចឹងកខាងក្រោយ ដេរចំនួន ១៥០ថ្នេរ បច្ចុប្បន្នកំពុងសម្រាកនៅមន្ទីរពេទ្យលោកសង្ឃ រាជធានីភ្នំពេញ។

ចំណែកជនសង្ស័យ មានឈ្មោះ អួន រដ្ឋា ហៅថា ភេទប្រុសអាយុ៣៨ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ ស្នាក់នៅភូមិខ្នា ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល ដកហូតបាន កាំបិតប៉័ងតោដងឈើចំនួន០១ និងម៉ូតូម៉ាកយ៉ាម៉ាហាហ្វ្រេស(ចាស់)ចំនួន០១គ្រឿង គ្មានផ្លាកលេខ ជារបស់ជនសង្ស័យបន្សល់នៅកន្លែងកើតហេតុ។

សូមបញ្ជាក់ថា មុនពេលកើតហេតុជនរងគ្រោះ កំពុងតែជួសជុលម៉ូតូរបស់ខ្លួននៅខាងមុខផ្ទះ ជាមួយនឹងបងប្អូន។ លុះដល់ម៉ោងកើតហេតុ ស្រាប់តែឃើញមានជនសង្ស័យ បានជិះម៉ូតូម៉ាកយ៉ាម៉ាហាហ្វ្រេស(ចាស់) មកឈប់លើផ្លូវបេតុងខាងមុខផ្ទះជនរងគ្រោះ ហើយបានដើរចូលសំដៅទៅរកជនរងគ្រោះ និងបានដកកាំបិតប៉័ងតោចេញពីចង្កេះខោ កាប់ទៅលើជនរងគ្រោះចំកញ្ចឹងកផ្នែកខាងក្រោយចំនួន២កាំបិត ទើបបងប្អូនរបស់ជនរងគ្រោះ ដែលអង្គុយនៅក្បែរនោះឃើញបានចូលទៅជួយជនរងគ្រោះ ជនសង្ស័យឃើញបងប្អូនរបស់ជនរងគ្រោះចូលមកច្រើន ក៏ទម្លាក់កាំបិតចុះហើយរត់គេចខ្លួនទៅទិសខាងលិចចូលព្រៃឬស្សីបាត់ទៅ។ ចំពោះ ជនរងគ្រោះត្រូវបានក្រុមគ្រួសារនិងសាច់ញាតិ បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យលោកសង្ឃ រាជធានីភ្នំពេញ។

ក្រោយពេលកើតហេតុភ្លាមៗនោះ សមត្ថកិច្ចបានទទួលព័ត៌មាននិងបានចុះទៅដល់កន្លែងកើតហេតុ ដើម្បីស្វែងរកជនសង្ស័យតែរកមិនឃើញសោះ។ លុះដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៣និង ៣០ នាទី ទើបកម្លាំងសមត្ថកិច្ចជំនាញស្រុក សហការជាមួយកម្លាំងប៉ុស្ដិ៍ទួលព្រេជ ប៉ុស្ដិ៍សំរោងលើ ប៉ុស្ដិ៍ម្កាក់ បានចុះទៅដល់ទីតាំងផ្ទះរបស់ជនសង្ស័យនៅភូមិខ្នា ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្ដាល ក៏ប្រទះឃើញជនសង្ស័យកំពុងលាក់ខ្លួននៅក្នុងផ្ទះ។

ជនសង្ស័យបានឆ្លើយសារភាពថា៖ នៅមុនពេលកើតហេតុប្រហែល ៥ថ្ងៃមុន ជនរងគ្រោះនិងបក្ខពួកបានព្រួតគ្នាវាយមកលើខ្លួនម្ដង។ រហូតដល់ថ្ងៃកើតហេតុ ទើបខ្លួនបានយកកាំបិតប៉័ងតោសៀតក្នុងចង្កេះខោ ហើយបានជិះម៉ូតូទៅផ្ទះជនរងគ្រោះ ពេលទៅដល់ខ្លួនបានឃើញជនរងគ្រោះកំពុងធ្វើម៉ូតូនៅខាងមុខផ្ទះ ទើបខ្លួនបានដើរទៅក្បែរជនរងគ្រោះ ហើយដកកាំបិតប៉័ងតោពីចង្កេះខោកាប់ទៅលើជនរងគ្រោះចំនួន០២កាំបិត ដោយពេលនោះឃើញបក្ខពួកជនរងគ្រោះចូលមកជួយច្រើនពេក ទើបខ្លួនរត់គេចចូលព្រៃឬស្សីតែម្ដង រហូតដល់ម៉ោងប្រហែល៤ជិតភ្លឺ ទើបខ្លួនដើរចេញពីព្រៃឬស្សីទៅចូលដេកនៅក្នុងផ្ទះវិញ។

ចំពោះជនសង្ស័យបានធ្វើតេស្ដរកមេរោគកូវីដ១៩ លទ្ធផលអវិជ្ជមាន(-)។ចំណែកការធ្វើតេស្ដទឹកនោមលទ្ធផលមានសារធាតុញៀននៅក្នុងទឹកនោម(+) ពេលនេះត្រូវបានសមត្ថកិច្ចធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់បន្តទៀត ៕


Telegram