សមត្ថកិច្ចចុះធ្វើកិច្ចសន្យាដល់ម្ចាស់ផ្ទះមួយកន្លែង ដែលចាក់បាស់លឺៗ ត្រូវបើកសម្លេងលឺល្មមៗអាចស្តាប់បាន ហាមបើកលឺៗ និងចាក់ត្រូវមានពេលវេលាកំណត់ ដើម្បីកុំប៉ះពាល់ដល់សិទ្ធអ្នកជិតខាង
សន្តិសុខសង្គម
265

ខេត្តកណ្តាល ៖ យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យដឹងថា មានគណនីហ្វេសបុក សុំមិនបញ្ចេញឈ្មោះ បានរាយការណ៍ក្នុងប្រអប់សារ ផេកហ្វេសបុកស្នងការដ្ឋាននគរបាលខេត្តកណ្ដាល មានខ្លឹមសារថា «ជំរាបសួរលោកពូស្នងការ នៅក្បែរផ្ទះខ្ញុំចាក់ធុងបាស់លឺៗ ហើយគាត់ចាក់ធុងបាសនេះ ស្ទើរតែរាល់ថ្ងៃ ហើយបើកលឺៗ មិនគិតដល់អ្នកជិតខាងសោះ គាត់ចាក់ធុងបាស់នេះពេលល្ងាច លឺខ្លាំងៗ ។ សូមលោកពូស្នងការជួយកុំគាត់ចាក់ទៀតអី ស្ថិតនៅ ភូមិពុកឬស្សីលើ ឃុំពុកឬស្សី ស្រុកខ្សាច់កណ្ដាល ខេត្ដកណា្ដល ផ្ទះអ្នកចាក់ធុងបាស ឈ្មោះ អ្នកគ្រូវ៉ាន់នី គាត់ជាគ្រូបង្រៀន សូមអរគុណ »។

ក្រោយពីទទួលបានព័ត៌មានខាងលើ ដោយបានការចង្អុលបង្ហាញពីក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល លោកអធិការ នៃអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល បានបញ្ជាកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពុកឬស្សី ចុះស្រាវជ្រាវករណីខាងលើ ។

ជាលទ្ធផល នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ១ រសៀល កម្លាំងប៉ុស្តិ៍ពុកឫស្សី បានចុះទៅដល់ផ្ទះអ្នកគ្រូ វ៉ាន់នី និងប្តីឈ្មោះ សុង សុផុន នៅភូមិពុកឫស្សីលើ ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ហើយបានសួរនាំ ម្ចាស់ផ្ទះបានប្រាប់សមត្ថកិច្ចថា គាត់ចាក់បាស់មិនមែនរាល់ថ្ងៃទេ ចាក់តែពេលព្រឹក និងពេលល្ងាចមួយភ្លែតៗទេ តែចាក់រៀងលឺៗមែន។ បន្ទាប់មកកម្លាំងប៉ុស្តិ៍ពុកឫស្សី បានធ្វើការណែនាំ និងធ្វើកិច្ចសន្យាម្ចាស់ផ្ទះខាងលើ ចាក់បាស់ត្រូវបើកសម្លេងលឺល្មមៗអាចស្តាប់បាន ហាមបើកលឺៗ និងចាក់ត្រូវមានពេលវេលាកំណត់ ដើម្បីកុំប៉ះពាល់ដល់សិទ្ធអ្នកជិតខាង ចាប់ពីថ្ងៃធ្វើកិច្ចសន្យានេះតទៅ ៕


Telegram