រាជធានីភ្នំពេញ ៖ សមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាលដង្កោ ធ្វើការឃាត់ខ្លួនបុរសម្នាក់ នៅវេលាម៉ោង១១ និង៣០នាទព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ក្រោយយកសាំងកន្លះលីត្រ មកចាក់ដុតកង់បីឥណ្ឌារបស់ប្អូនថ្លៃឆេះខ្ទេចគ្មានសល់ ខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី២០ ដដែល ចំណុចផ្ទះលេខ៤៥០ ផ្លូវបេតុង ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនសង្ស័យមានឈ្មោះ ប៊ូ សន្ធ ភេទប្រុស អាយុ៣៧ឆ្នាំ ត្រូវជាបងថ្លៃរបស់ជនរងគ្រោះឈ្មោះ ឡឹក ចាន់វាសនា ភេទប្រុស អាយុ៣១ឆ្នាំ មុនរបររត់កង់បីឥណ្ឌា។
សមត្ថកិច្ចបានឲ្យដឹងថា ដំបូងឡើយ ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងឲ្យជួយអន្តរាគមន៍ រឿងបងថ្លៃដុតបំផ្លាញកង់បីឥណ្ឌារបស់ខ្លួន ព្រោះខឹងខ្ចីលុយចំនួន៦០០ដុល្លារមិនបាន បន្ទាប់ពីដុតរួចក៏រត់បាត់ ។ ពេលនោះ សមត្ថកិច្ចជំនាញប៉ុស្ដិ៍នគរបាលរដ្ឋបាលដង្កោ បានស្រាវជ្រាវ រកឃើញជនសង្ស័យចេញពីផ្ទះសំណាក់ដើរតាមផ្លូវបេតុង ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ក៏ឃាត់ខ្លួនយកមកធ្វើការសាកសួរតែម្តង ដោយបានសារភាពថា ខ្លួនពិតជាបានដុតកង់បីឥណ្ឌាប្អូនថ្លៃពិតមែន តែដោយសារអន់ចិត្តនឹងឪពុកបង្កើត ដែលលក់ម៉ូតូកង់បីឥណ្ឌាឲ្យប្អូនថ្លៃ ខ្លួនខឹងក៏ឈានដល់ការដុតរម៉កកង់បីចោលតែម្តង។
ពេលនេះជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីចាត់ការបន្តតាមច្បាប់ ៕ មេសា