រាជធានីភ្នំពេញ ៖ បុរសម្នាក់បើករថយន្តស្ទូចមួយគ្រឿង មិនប្រយ័ត្ន គេចពីរថយន្តដឹកដីបើកឆ្លងផ្លូវ ក៏បានរេចង្កូតទៅបុកជាមួយនឹងរថយន្តតូយ៉ូតាព្រូសពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបានបង្កឲ្យមាននរណាម្នាក់ រងរបួសនោះទេ កាលពីវេលាម៉ោង៥នឹង១៥នាទីល្ងាច ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១នេះ ស្ថិតតាមបណ្ដោយផ្លូវ៥០ ម៉ែត្រ ក្នុងភូមិអន្លង់គងចាស់ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីម្ចាស់រថយន្តព្រូសបានឲ្យដឹងថា នៅមុនពេលហេតុ រូបគាត់និងប្តីរបស់គាត់រួមជាមួយកូនស្រីតូច បើករថយន្តម៉ាកតូយ៉ូតាព្រូស ពណ៌ ទឹកសមុទ្រ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ2AM-1348 បើកធ្វើដំណើរពីផ្ទះនៅក្នុងសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ តាមបណ្ដោយផ្លូវ៥០ ម៉ែត្រ យកអីវ៉ាន់ទៅឲ្យគេនៅសង្កាត់ព្រៃស ខណៈពេល មកដល់ត្រង់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែមានបុរសម្នាក់បើករថយន្តស្ទូច ក្បាលពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3C-9705 បើកបរដោយខ្វះការប្រុងប្រយ័ត្ន បើកគេចពីរថយន្តដឹកដីមួយគ្រឿងទៀត កំពុងឆ្លងផ្លូវ ក៏បានរេចង្កូតទៅបុកជាមួយនឹងរថយន្តព្រូសរបស់គាត់យ៉ាងពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ។
ក្រោយកើតហេតុសមត្ថកិច្ចនគរបាលមូលដ្ឋានក៏បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីត្រួតពិនិត្យមើល និងសហការជាមួយកម្លាំងនគរបាលជំនាញផ្នែកចរាចរខណ្ឌដង្កោ ធ្វើការវាស់វែងនិងបានយករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅអធិការរដ្ឋាននគរបាលខណ្ឌដង្កោ រង់ចាំធ្វើដោះស្រាយគ្នាបន្តនៅពេលក្រោយតាមនិតិវិធីច្បាប់៕