រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយមានបុរសម្នាក់ បានយកលុយចំនួន៧១ម៉ឺនរៀល មកទិញប្រាក់ដុល្លារបានចំនួន១៧០ដុល្លារ ចេញទៅបាត់ជិត១ម៉ោង ត្រឡប់មកវិញ ប្រាប់ម្ចាស់វីងប្តូរប្រាក់ថា មានលុយក្លែងក្លាយ៥០ដុល្លារមួយសន្លឹក តវ៉ាគ្នាចុះឡើងរហូតឈ្លោះប្រកែកគ្នាបែកផ្សែង និងបានបបួលគ្នាអុជធូប
ស្បថ ដើម្បីបញ្ជាក់ការពិត ។
ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០ និង ១៥ នាទីព្រឹក ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ នៅចំណុចទីតាំង វីង មួយកន្លែងយីហោ (សុផានី) ស្ថិតាមបណ្តោយផ្លូលេខ២៦១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
បុរសដែលយកលុយខ្មែរមកទិញប្រាក់ដុល្លារនោះបានឲ្យដឹងថា គាត់មានឈ្មោះ កែវ រិទ្ធ អាយុ៣៦ឆ្នាំ មានមុខរបរជាងសង្ហារឹម ស្នាក់នៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ នៅវេលម៉ោង៨និង៤០នាទីព្រឹក ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ បុរសខាងលើ បានយកលុយខ្មែរចំនួន៧១ម៉ឺនរៀល មកទិញប្រាក់ដុល្លារបានចំនួន១៧០ដុល្លារ ។ ក្នុងនោះមានក្រដាសប្រាក់១០០ដុល្លារ មួយសន្លឹក ក្រដាសប្រាក់៥០ដុល្លារមួយសន្លឹក និងក្រដាសដុល្លារ២០ដុល្លារមួយសន្លឹក ដើម្បីយកទៅដាក់ធនាគារ ។ បន្ទាប់ពីទិញប្រាក់ដុល្លាររួចរាល់ហើយ បុរសរូបនោះបានឡើងជិះរថយន្តមួយគ្រឿងចេញបាត់ទៅ។ លុះមួយសន្ទុះក្រោយមក នៅវេលាម៉ោង៩និង១៨នាទីថ្ងៃដដែល បុរសរូបនោះបានជិះរថយន្តត្រឡប់មកវិញ ហើយបានប្រាប់ម្ចាស់វីងប្តូរប្រាក់ថា លុយដុល្លារដែលរូបគេទិញយកទៅនោះ មានក្រដាសប្រាក់៥០ដុល្លារមួយសន្លឹក ជាក្រដាសក្លែងក្លាយ ហើយប្រគល់អោយម្ចាស់វីងយកត្រួតពិនិត្យក៏ឃើញថាក្រដាសប្រាក់នោះពិតជាក្រដាសប្រាក់ក្លែងក្លាយពិតប្រាកដមែន ក៏ប៉ុន្តែម្ចាស់វីងប្តូរប្រាក់បានប្រាប់ទៅបុរសនោះថាមិនទទួលខុសត្រូវទេ ពីព្រោះតែ បុរសនោះមុននឹងចេញទៅត្រូវពិនិត្យលុយអោយបានច្បាស់លាស់ជាមុនសិន ចាំចេញទៅ តែបុរសនោះចេញទៅបាត់ជិតមួយម៉ោងទៅហើយ ទើបត្រឡប់មកវិញហើយប្រាប់ថា លុយក្លែងក្លាយ ដូច្នេះរូបគាត់មិនទទួលខុសត្រូវនោះឡើយ។
ករណីនេះ បុរសដែលជាអ្នកដូរលុយ នោះគ្រាន់តែលឺភាគីម្ចាស់វីងប្តូរប្រាក់ប្រាប់មកវិញបែបនេះ ក៏កើតជាកំហឹង ឈ្លោះទាស់ទែងពាក្យសម្តីគ្នាប្រកែកគ្នាឡើងតឹងសសៃ.ករៀងៗខ្លួន រហូតធ្វើអោយបុរសនោះទាញទូរសព្ទចេញពីហោប៉ៅ ឡាយតាមបណ្តាញសង្គមហ្វេសបុក ស្រែកៗឡូឡា ថាម្ចាស់វីងប្តូរប្រាក់ខាងលើបានប្តូរលុយក្លែងក្លាយអោយគាត់ ។
ការឈ្លោះទាស់ទែងពាក្យសម្តីគ្នារឿងលុយដុល្លារក្លែងក្លាយនេះ អស់រយៈពេលជិត១ម៉ោង សមត្ថកិច្ចមូលដ្ឋានសង្កាត់បឹងសាឡាងបានមកដល់កន្លែងកើតហេតុ ធ្វើការសម្របសម្រួលដល់ភាគីទាំងសងខាង ផងដែរ ។
ក្នុងនោះ ដោយភាគីខាងបុរសប្តូរប្រាក់ទាមទារអោយម្ចាស់វីងប្តូរប្រាក់ ចេញមកអុជធូបស្បថ បើសិនជាមិនប្តូរលុយអោយ ដើម្បីបង្ហាញភាពស្អាតស្អំ រៀងខ្លួន ហើយភាគីម្ចាស់វីងក៏យល់ព្រមចេញមក ស្បថ ទល់មុខ គ្នា នៅចំពោះមុខសមត្ថកិច្ចនិងអ្នកសារព័តមាន ដើម្បីអោយដឹងលឺ ថាគាត់មិនបានយកលុយដុល្លារក្លែងក្លាយដាក់អោយទេ ហើយភាគីបុរសនោះក៏បានស្បថថាមិនបានយកលុយដុល្លារក្លែងក្លាយមកបន្លំប្តូរវិញ ដែរ រហូតអស់ចិត្តរៀងខ្លួន ហើយក៏បញ្ចប់រឿងចែកផ្លូវគ្នាតែម្តងទៅ៕