យករថយន្តផ្លាកលេខខេមរភូមិន្ទ ទៅឃាត់រថយន្តដឹកទំនិញ ដើម្បីសំឡុតគំរាមកំហែងទារប្រាក់ ត្រូវបានអាវុធហត្ថខណ្ឌដង្កោ ចាប់ខ្លួនបាន
សន្តិសុខសង្គម
460

រាជធានីភ្នំពេញ ៖ ដោយមានការចង្អុលបង្ហាញពីលោក វរសេនីយ៍ឯក សរ សុភ័ណ្ឌ ជាមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ ដង្កោ បានបញ្ជាកម្លាំងជំនាញស្រាវជ្រាវ យុត្តិធម៌ ខណ្ឌ ចុះស្រាវជ្រាវ ស្តីពី ករណីយករថយន្តផ្លាកលេខខេមរភូមិន្ទ ទៅឃាត់រថយន្តដឹកទំនិញ ដើម្បីសំឡុតគំរាមកំហែងទារប្រាក់ កាលពីវេលាម៉ោង១២និង៤០នាទីយប់ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ នៅចំណុចមុខការដ្ឋានផ្ទះល្វែងខាងត្បូងវត្តស្លែង តាមបណ្តោយផ្លូវជាតិលេខ៣ ស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក សរ សុភ័ណ្ឌ ជាមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដង្កោ បានប្រាប់ក្រុមការងារTVFB ឲ្យដឹងថា ជនសង្ស័យយករថយន្តស្លាកលេខ ខ.ម ធ្វើសកម្មភាពឃាត់រថយន្តដឹកទំនិញ និង គំរាមកំហែងទារប្រាក់នៅចំណុចទីតាំងខាងលើ ទើបកម្លាំងជំនាញ អ.ហ ខណ្ឌដង្កោ បានចុះដល់ទីតាំងផ្ទាល់ ដោយធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ យកមកសួរនាំនៅមូលដ្ឋាន អ.ហ ខណ្ឌដង្កោ។

ជនសង្ស័យមានឈ្មោះ ចិន គោ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នរស់នៅផ្ទះជួល ស្ថិតនៅភូមិ ជម្ពូវន្ត សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

ក្នុងនោះ សមត្ថកិច្ចបានធ្វើការដកហូតបាន រថយន្តចំនួន០១គ្រឿង ម៉ាក FORD RANGER (ចង្កូតស្តាំ) ឆ្នាំផលិត២០២១១ ពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខ ខេមរភូមិន្ទ , សាជីចំនួន០៦ដើម , ទូរស័ព្ទចំនួន០២គ្រឿង, ថ្មIDចំនួន០១គ្រាប់ ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ រួមទាំងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនទៅកាន់ការិយាយព្រហ្មទណ្ឌអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីច្បាប់ ៕ មេសា


Telegram