រាជធានីភ្នំពេញ ៖ បុរសជាសន្តិសុខសាលាខណ្ឌដូនពេញម្នាក់ រងរបួសធ្ងន់ធ្ងរ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ខណៈជិះម៉ូតូPCX មួយគ្រឿង ត្រូវរថយន្តម៉ាកFord បុកពេញទំហឹង កៀបជាប់ក្រោមរថយន្ត កាលពីវេលាម៉ោង១២និង៤០នាទីថ្ងៃត្រង់ទី២១ ខែសីហា ឆ្នាំ២០២១ នៅតាមបណ្តាលផ្លូវលេខ៦១ កែង៩២ ស្ថិតនៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញថារថយន្តសេរីទំនើបម៉ាកFord មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BM-1339 ដោយធ្វើដំណើរតាមបណ្តោយផ្លូវលេខ៩២ពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ មានម៉ូតូហុងដា PCX មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HD-2902 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៦១ ក្នុងទិសដៅពីត្បូងទៅជើង បានវ៉ាក់នឹងរថយន្ត ត្រូវរថយន្ត បុកពេញទំហឹងបោកនឹងថ្នល់កៀបជាប់នឹងក្រោមរថយន្ត បណ្តាលអោយរងរបួសធ្ងន់បែកមុខបែកមាត់ និងត្រូវបានកងកម្លាំង ប្រជាការពារដូចគ្នាដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យ។
ក្រោយពេលកើតហេតុសមត្ថកិច្ចធ្វើការគូសវ៉ាស់វែងយកម៉ូតូចេញពីកន្លែងកើតហេតុ និងធ្វើការសម្របសម្រួលគ្នាដើម្បីបញ្ចប់រឿង៕