រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋ ឡោមព័ទ្ធវាយទ្រោមខ្លួនរួចប្រគល់ជូនសមត្ថកិច្ចចាត់ការបន្ត ក្រោយធ្វើសកម្មភាពលួចកង់មួយគ្រឿងបានសម្រេចតែព្យាយាមរត់គេចមិនផុត រីឯម្នាក់ទៀតរតគេចខ្លួនបាត់ស្រមោល កាលពីវេលាម៉ោង ១២ និង ៤០ នាទីថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២១ លើផ្លូវលេខ២០៤ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុជនសង្ស័យខាងលើមានគ្នា២នាក់ ដោយធ្វើដំណើរដើរថ្មើរជើងតាមផ្លូវលេខ ២៥៧ លុះមកដល់ចំណុចកើតហេតុ ក៏ប្រទះឃើញកង់របស់ជនរងគ្រោះទុកចោលនៅនឹងពីមុខផ្ទះ ដោយឃើញឱកាសល្អក៏ឆ្លៀតធ្វើសកម្មភាពចូលទៅលួចយកចេញភ្លាមៗ តែបែរជាស៊យវិញ ត្រូវម្ចាស់គេឃើញទាន់ស្រែកឆោឡោស្រែក ចោរ ធ្វើអោយជនសង្ស័យភ័យខ្លួន ជិះគេចរហូតមកដល់ផ្លូវលេខ ២០៤ តែត្រូ វជនរងគ្រោះជិះតាមពីក្រោយស្រែកផ្អើលដល់ប្រជាពលរដ្ឋជិតខាង ក៏នាំគ្នាឡោមព័ទ្ធចាប់បានភ្លាមៗ រួចធ្វើការស្វាគមន៍ម្នាក់មួយដៃមួយជើងយ៉ាងទ្រោមខ្លួន ទើបប្រគល់ជូនសមត្ថកិច្ច។ ចំណែកឯជនសង្ស័យម្នាក់ទៀតដែលជាដៃគូ ក៏បានរត់គេចខ្លួនពីកន្លែងកើតហេតុបាត់ស្រមោលតែម្ដង។
ក្រោយពេលកើតហេតុសមត្ថកិច្ចក៏មកដល់ចំណុចកើតហេតុ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើបញ្ជូនទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាង ។ ចំណែកឯជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងផងដែរ ដើម្បីអោយសមត្ថកិច្ចចាត់វិធានការលើជនសង្ស័យទៅតាមនិតិវិធីច្បាប់ ៕