ខេត្តកណ្ដាល ៖ បងប្អូនប្រជាពលរដ្ឋ មានការរន្ធត់ចិត្តខ្លាំង ខណៈឃើញទិដ្ឋភាពសាកសព យុវតី២នាក់ ត្រូវបានរថយន្តបែកខួរស្លាប់ភ្លាមៗ និង ២នាក់ទៀតរងរបួសធ្ងន់ស្រាល ដោយសារតែជួបគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ រវាងរថយន្តកុងតឺន័រ និង ម៉ូតូ កាលពីវេលាម៉ោង១០ និង៣០នាទីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ ៣០-៣១ ភូមិកណ្តាល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។
សមត្ថកិច្ចបានឲ្យក្រុមការងារ TVFB ដឹងថា ជនរងគ្រោះរួមមាន ៖
ទី១.ឈ្មោះ វ៉ា ចាន់ថាន់ ភេទស្រី អាយុ១៦ឆ្នាំ មានទីលំនៅភូមិស្ទឹង ឃុំសំរោងធំ ស្រុកកៀនស្វាយខេត្តកណ្តាល។
ទី២.ឈ្មោះ ផល រត្ត័នា ភេទស្រីអាយុ១៣ឆ្នាំមានទីលំនៅភូមិស្ទឹង ឃុំសំរោងធំ ស្រុកកៀនស្វាយខេត្តកណ្តាល។(ជិះពីក្រោយឈ្មោះវ៉ា ចាន់ថាន់ភេទស្រី)
ទី៣.ឈ្មោះ រឿន លក្ខិណា ភេទស្រីអាយុ១៣ឆ្នាំមានទីលំនៅភូមិស្ទឹងឃុំសំរោងធំ ស្រុកកៀនស្វាយខេត្តកណ្តាល។(ជិះពីក្រោយឈ្នោះ ផល រត្ត័នាភេទស្រី)
ទី៤.ឈ្មោះ ព្រៀក ស្រីលីន ភេទស្រីអាយុ១២ឆ្នាំ មានទីលំនៅភូមិព្រែកតាកែវ ឃុំសំរោងធំស្រុកកៀនស្វាយខេត្តកណ្តាល។(ជិះពីក្រោយឈ្មោះរឿន លក្ខិណាភេទស្រី)។
សមត្ថកិច្ចបានបន្តឲ្យដឹងទៀតថា មុនពេលកើតហេតុ យុវតីទាំង ៤នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកHONDA សង់សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល1Q-8414 ទិសដៅពីអ្នកលឿង មកភ្នំពេញ បំណងទៅលេងនៅវត្តអង្គរជ័យ លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែព្យាយាមបើកម៉ូតូឡើងលើខឿនថ្នល់ ក៏បណ្តាលឲ្យ ក្រឡាច់កង់ម៉ូតូ ដួលទៅនឹងថ្នល់ស្របពេលដែលរថយន្តកុងតឺន័រ១គ្រឿងមិនស្គាល់អត្តសញ្ញាណ បានបើកមកពីក្រោយកៀកគ្នា កិនចំយុវតី ២នាក់បានបែកខួរស្លាប់ភ្លាមៗ នឹងកន្លែង និង២នាក់ទៀតរងរបួសធ្ងន់ស្រាល ត្រូវបានសាច់ញាតិយកមកព្យាបាលនៅមន្ទីពេទ្យឃុំបន្ទាយដែក។ ចំណែកឯរថយន្តបានបើករត់គេចខ្លួនបាត់ស្រមោលពីកន្លែងកើតហេតុ ។
ក្រោយពីកើតហេតុ កម្លាំងជំនាញចរាចរណ៍ស្រុកកៀនស្វាយ បានចុះទៅដល់ទីតាំងកន្លែងកើតហេតុ និងធ្វើការវាស់វែង យកម៉ូតូមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ។ ចំណែកឯរថយន្តកម្លាំងសមត្ថកិច្ចនិងធ្វើការស្រាវជ្រាវតាមកាមេរ៉ាសុវត្ថិភាព ដើម្បីមកដោះស្រាយគ្នាតាមច្បាប់ និងប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ មេសា