រាជធានីភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូលឿន ជ្រុលទៅបុករថយន្តបើកឆ្លងផ្លូវពេញទំហឹង បណ្ដាលឲ្យគាបជាប់គ្នាច្រង៉ាងនឹងថ្កល់។ ចំណែកអ្នកបើកម៉ូតូរបួសបែកមុខបែកមាត់ កាលពីវេលាម៉ោង១២និង៣០នាទីរសៀលថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ ៦០ ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាកព្រុស ពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2BH-0223 បើកបរតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ក្នុងទិសដៅពីជើងទៅត្បូង ខណ:មកដល់កន្លែងកើតហេតុ បានបត់ឆ្វេងផ្លូវ ស្របពេលមានម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FT-2993 ជិះដោយបុរសម្នាក់ រួមដំណើរជាមួយស្រ្តីម្នាក់ទៀត ធ្វើដំណើរបញ្ជ្រាស់ទិសគ្នាបើកលឿន ជ្រុលទៅបុកជាមួយរថយន្តចំពីមុខពេញទំហឹង បណ្ដាលអោយម៉ូតូគាបជាប់រថយន្ត រងការខូចខាតយ៉ាងដំណំ។ ចំណែកអ្នកជិះម៉ូតូរបួសស្រាលបែកមុខមាត់។
ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ធ្វើការគូសវាសបាញ់ថ្នាំយករថយន្តនិងម៉ូតូដាក់អែបខាងទុកពេលឱ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នាដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ ៕ មេសា