រាជធានីភ្នំពេញ ៖ ជនបរទេសម្នាក់ បើករថយន្ត Ford Ranger ទៅបុកនឹងបង្គោលភ្លើង បណ្ដាលឲ្យរថយន្តធ្លាក់ចូលប្រឡាយលូទឹកស្អុយ ខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង១០ និង២៣នាទី យប់ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែតកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្ដ Ford Ranger មួយគ្រឿង ដែលពាក់ស្លាកលេខ ភ្នំពេញ 2AO-8166 បើកបរអោយបុរសម្នាក់ ដែលជាជនបរទេសតាមបណ្ដោយផ្លូវជាតិលេខ៤ យ៉ាងលឿន ក្នុងទិសដៅពីលិចទៅកើត មកចំណុចកើតហេតុក៏បានរេចង្កូតទៅបុកនឹងបង្គោលភ្លើង ដែលបំភ្លឺផ្លូវដាច់បាក់ចំនួន១ដើម ហើយពេលនោះ រថយន្ដមិនទាន់អស់ល្បឿន ក៏បានទៅបុកតូបលក់ទឹក នៅចិញ្ចើមផ្លូវ បានធ្លាក់ចូលប្រឡាយលូទឹកស្អុយ បណ្ដាលអោយរថយន្ដរងការខូចខាតខាងមុខយ៉ាងដំណំ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្ត រួមទាំងអ្នកបើកបរ បញ្ជូនទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយទៅតាមច្បាប់ ៕