ខេត្តកណ្តាល ៖ យោងតាមផេក នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កូនល្អអើយសែនល្អកម្ររកបាន ម្តាយឆ្អែតចិត្ត ខំចិញ្ចឹមតាំងពីបាតជើងក្រហម ស្រមោចមួយក្បាល មិនហ៊ានឲ្យវាកាត់ បែរជាកូនអាយុ៣២ឆ្នាំ ដុតផ្ទះម្តាយដែលខំរកទាំងត្រដរទម្រាំមានទ្រនំជ្រក ទៅវិញ បង្កឲ្យឆាបឆេះយ៉ាងសន្ធោសន្ធៅ អស់ទាំងស្រុង កាលពីវេលាម៉ោង១២ និង១៥ នាទី ថ្ងៃត្រង់ទី២១ ខែសីហា ឆ្នាំ២០២១ នៅចំណុចភូមិតាដោល១ ឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះ មានឈ្មោះ យន់ ផាត ភេទ ស្រី អាយុ៦៨ ឆ្នាំ មានទីលំនៅភូមិ-ឃុំខាងលើ ។ ចំណែកជនបង្កជាកូនបង្កើត មានឈ្មោះ សេន ម៉ៅ ភេទ ប្រុស អាយុ ៣២ ឆ្នាំ រត់គេចខ្លួនបាត់។
អគ្គិភ័យនេះ បានឆាបឆេះយ៉ាងត្របាញ់ លេបត្របាក់ផ្ទះមួយខ្នង ទំហំ ៦គុណ ៨ម៉ែត្រ ប្រក់ក្បឿង ធ្វើពីឈើ ថ្មក្រោម សំយ៉ាបស័ង្កសីខាងមុខប្រវែង ៧.០៥ម៉ែត្រ សំយ៉ាបស័ង្កសីចំហៀងប្រវែង ២៥ម៉ែត្រ ខូចខាតទាំងស្រុង បំផ្លាញ ទូទឹកកក ០១ គ្រឿង, ម៉ាស៊ីនបោកខោអាវ ០១ គ្រឿង, ម៉ាស៊ីនខ្យល់ ០១ គ្រឿង និងមុង កន្ទាល ភួយ ខោអាវ មួយចំនួន តែសំណាងគ្មានអ្នករបួសនោះទេ ។
ភ្លាមៗ គេឃើញរថយន្តជំនួយ មកពីខាង រថយន្តពន្លត់អគ្គីភ័យស្រុកកណ្តាលស្ទឹង ចំនួន ០១ គ្រឿង រថយន្តពន្លត់អគ្គីភ័យប្រលានយន្តហោះ ចំនួន ០២ គ្រឿង បានចុះមកបាញ់ពន្លត់ដល់ទីតាំងកើតហេតុផងដែរ ។
តាមប្រភពព័ត៌មានពីម្ដាយរបស់ជនសង្ស័យ បានឲ្យដឹងថា៖ នៅថ្ងៃទី ២០ ខែសីហាឆ្នាំ ២០២១ មុនពេលកើតហេតុជនសង្ស័យខាងលើ បានសុំប្រាក់ពីម្ដាយបង្កើតរបស់ខ្លួន ដើម្បីយកលុយទៅសងបំណុលគេ ប៉ុន្តែម្ដាយមិនឲ្យ ជនសង្ស័យខាងលើបានខឹងម្ដាយក៏គំរាមថា៖ និងដុតផ្ទះចោល លុះវេលាម៉ោង១២និង១៥នាទី ថ្ងៃទី២១ ខែសីហាឆ្នាំ ២០២១ ពេលម្តាយទៅធ្វើស្រែចំការបាត់ ជនសង្ស័យក៏បានទិញសាំងចំនួន ២លីត្រ មកចាក់ដុតផ្ទះរបស់ខ្លួនបណ្ដាលឱ្យឆេះខូចខាតទាំងស្រុង ក្រោយពីធ្វើសកម្មភាពដុតផ្ទះរួច ក៏បានរត់គេចខ្លួនបាត់ស្រមោល ។
ពេលនេះ ជនសង្ស័យខាងលើសមត្ថកិច្ចកំពុងតាមស្វែងរកចាប់ខ្លួនដើម្បីអនុវត្តនិតិវិធីតាមច្បាប់ ៕