រាជធានីភ្នំពេញ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបាន
កើតឡើងរវាងរថយន្តនិងម៉ូតូ ខណៈដែលម៉ូតូកំពុងឈប់ចតនៅលើចិញ្ចើមផ្លូវ ក៏ត្រូវបានរថយន្តបុក បណ្តាលឲ្យអូសនៅក្រោមរថយន្តជាច្រើនម៉ែត្ររងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១
នៅតាមបណ្តោយផ្លូវបុរីអង្គរ ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្ត មួយគ្រឿង ម៉ាក តាកូម៉ា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AV-6024 បានបើកបរក្នុងទិសដៅពីត្បូងទៅជើង ខណៈពេលដែលជិះមកដល់ត្រង់ចំណុចកន្លែងកើតហេតុ ស្រាប់តែរថយន្តខាងលើបានរ៉េចង្កូតធ្លាក់ផ្លូវបណ្ដាលឲ្យទៅបុកអូសម៉ូតូ មួយគ្រឿង ម៉ាកស្មាស់រីវ៉ូ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1BJ-4052 ដែលបានឈប់ចតនៅលើចិញ្ចើមផ្លូវបណ្តាលឲ្យអូសចូលក្រោមរថយន្ត។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងខាងលើ និងបានធ្វើការសម្របសម្រួលភាគីខាងរថយន្ត និងម៉ូតូ ដើម្បីធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់។ ដោយនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ ភាគីខាងរថយន្តបានសងសំណងចំនួន ៥៥០ដុល្លារទៅភាគីខាងម៉ូតូដើម្បីបញ្ចប់រឿងផងដែរ៕