បន្លំជាសមត្ថកិច្ចដាក់កុងត្រូលជជុះទារលុយពីពលរដ្ឋ ត្រូវអាវុធហត្ថរាជធានីភ្នំពេញចាប់បញ្ជូនទៅគុក!
សន្តិសុខសង្គម
123

រាជធានីភ្នំពេញ ៖ យោងតាមផេក កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា នារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យម្នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណី ក្លែងបន្លំជាសមត្ថកិច្ចដាក់កុងត្រូជជុះឃាត់រថយន្តដឹកបន្លែរបស់ពលរដ្ឋ ដើម្បីសំឡុតគំរាមកំហែងទារប្រាក់។

បន្ទាប់ពីទទួលបានបណ្តឹងពីប្រជាពលរដ្ឋ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ បានជិះល្បាតក្នុងភូមិសាស្រ្តរបស់ខ្លួន ក៏ប្រទះឃើញមានករណីនេះកើតមានពិតប្រាកដមែន។

ភ្លាមនោះកម្លាំងល្បាតធ្វើការបង្ក្រាបបានជាក់ស្តែង នៅចំណុចមុខការដ្ឋានផ្ទះល្វែង ផ្លូវជាតិលេខ៣ ក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ កាលពីវេលាម៉ោង១២និង៤០នាទីយប់ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ ដោយឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ចិន គោ ភេទប្រុស អាយុ៣៥ឆ្នាំ មានមុខរបរមិនពិតប្រាកដ មានស្រុកកំណើត ភូមិកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង ព្រមទាំងដកហូតវត្ថុតាងរួមមាន៖ រថយន្តម៉ាកហ្វតចង្កូតស្តាំមួយគ្រឿង ពណ៌ទឹកសមុទ្រ រួមនឹងកោនចរាចរណ៍០៦ដើម។

ក្រោមវិធានការជំនាញជនសង្ស័យខាងលើបានសារភាពថា ខ្លួននិងបក្ខពួកម្នាក់ទៀត ពិតជាបានឃាត់រថយន្តហ៊ីយ៉ានដាយដឹកបន្លែមួយគ្រឿង ដោយខ្លួនអះអាងប្រាប់តៃកុងឡានថាខ្លួនជា សមត្ថកិច្ច និងបានគំរាមកំហែងទារប្រាក់ពីតៃកុងឡាន ពិតប្រាកដមែន ៕


Telegram