រាជធានីភ្នំពេញ ៖ នារីម្នាក់ បានមកធ្វើអត្តឃាត លោតទឹកសម្លាប់ខ្លួន បានសម្រេច តែត្រូវបានបងប្អូនប្រជាពលរដ្ឋ អ្នកនេសាទ នៅក្រោមស្ពានជ្រោយចង្វារ បានជួយសង្គ្រោះទាន់ពេលវេលា បញ្ជូនទៅកាន់មន្ទីរពេទ្យ កាលពីវេលាម៉ោង ៤ទៀបភ្លឺ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ ២០២១ នៅលើស្ពានជ្រោយចង្វារ ក្នុងសង្កាត់ស្រះចក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
បើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលឃើញហេតុការណ៍នៅកន្លែងកើតហេតុ បានអោយដឹងថា គេបានឃើញនារីវ័យក្មេងស្រស់ស្អាតម្នាក់ បានកាន់ដបស្រាឡើងទៅលើស្ពានជ្រោយចង្វារ សង្ស័យមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ ក៏សម្រេចចិត្តលោតចុះពីលើស្ពានជ្រោយចង្វារដើម្បីសម្លាប់ខ្លួន ពេលនាងលោតចុះភ្លាមៗ ក៏ត្រូវបងប្អូននេសាទនៅខាងក្រោមស្ពានជ្រោយចង្វារ បានឃើញក៏ប្រញាប់លោតចុះទៅជួយសង្គ្រោះទាន់ពេលវេលា ជួយស្រង់យកនាងយកមកច្រាំងភ្លាមៗដើម្បីបញ្ជូនទៅកាន់មន្ទីរពេទ្យ ។
សមត្ថកិច្ចបានឲ្យដឹងថា នារីវ័យក្មេងរូបនេះ មានអាយុប្រហែល ១៨ ទៅ១៩ ឆ្នាំ បន្សល់ទុកកាបូបយួរដៃ ក្នុងនោះមានលុយដុល្លារចំនួន ១០០ ដុល្លារ និងលុយខ្មែរបន្តិចបន្តួច និងកាតចាក់វ៉ាក់សាំងមួយសន្លឹក ដោយមិនទាន់ដឹងនាងមានឈ្មោះអ្វីនៅឡើយទេ។
ក្រោយពេលកើតហេតុ ត្រូវបានសមត្ថកិច្ចនៅខាងក្រោមស្ពានជ្រោយចង្វារ បានទំនាក់ទំនងហៅរថយន្តសាមុយបានដឹកបញ្ជូននាងដើម្បីបញ្ជូនទៅមន្ទីរពេទ្យធ្វើការសង្គ្រោះបន្ទាន់ ៕