រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលទាំងយប់ ខណៈបងប្អូនប្រជាពលរដ្ឋ បានប្រទះឃើញសាកសពបុរសម្នាក់ បានចងកសម្លាប់ខ្លួន ទម្លាក់ពីបង្កាន់ដៃស្ពាន ទម្លាក់ខ្លួនចូលលូ កាលពីវេលាម៉ោង ១២ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវបេតុង ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីបងប្អូន និងក្រុមគ្រួសារសាច់ញាតិជនរងគ្រោះ ដែលបានធ្វើអត្តឃាតចងកសម្លាប់ខ្លួននៅបង្កាន់ដៃលូទឹកស្អុយ បានឲ្យដឹងថា ក្មួយប្រុសរបស់គាត់ មានវិបត្តិផ្លូវចិត្តជាមួយនឹងគ្រួសារយ៉ាងធ្ងន់ធ្ងរ ដោយសារតែបែកបាក់ជាមួយនឹងប្រពន្ធកូនជាច្រើនខែមកហើយ គាត់ក៏បាននិយាយជាមួយក្មួយ ថាមកគេងនៅផ្ទះអ៊ុវិញ តែជនរងគ្រោះក៏ថាចាំ២-៣ថ្ងៃទៀតសិន តែក៏មិនឃើញមកសោះ ស្រាប់តែមានគេតេមកប្រាប់គាត់ថា ក្មួយគាត់ចងកស្លាប់ទៅហើយ គាត់ក៏ជិះមកមើល ក៏ឃើញថាក្មួយគាត់ពិតមែន ដែលមានឈ្មោះ តាយ អាយុ ២៤ឆ្នាំ មុខរបរជាកម្មករសំណង់។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានក៏បានមកដល់ ធ្វើការពិនិត្យនិងធ្វើកោសល្យវិច័យទៅលើសាកសពជនរងគ្រោះ និងបានប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕