រាជធានីភ្នំពេញ ៖ បុរសម្នាក់ បានស្លាប់យ៉ាងអាណោចអាធ័មក្រោយបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ខណៈជួបគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកជាមួយរថយន្ត ត្រង់ផ្លូវបែកជា៤ ពេញទំហឹង កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ នៅចំណុចផ្លូវ៣១០ កែងផ្លូវ១១៣ ព្រំប្រទល់សង្កាត់បឹងកេងកងទី២ និងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
សពជនរងគ្រោះមានឈ្មោះ វ៉ន សុផល ភេទប្រុស ស្នាក់នៅផ្ទះលេខ ១១បេ ផ្លូវ ២៧១ នៅភូមិចំរើនផល ក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ដំបូងឡើយគេបានឃើញបុរសម្នាក់បើកម៉ូតូ XR ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1AY-400០ ធ្វើដំណើរតាមបណ្ដោយផ្លូវ៣១០ កែងនឹងផ្លូវ ១១៣ ក៏បានបុកគ្នាជាមួយនឹងរថយន្តហាយឡែនឌ័រ មួយគ្រឿង ដែលពាក់ស្លាកលេខ ភ្នំពេញ 2R-7383 ចំផ្លូវបំបែកជា៤ បណ្ដាលឲ្យបុរសអ្នកបើកបរម៉ូតូ រងរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ តែអកុសល គឺបានស្លាប់បាត់បង់ជីវិតទៅហើយ។
ក្រោយពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានមកដល់បានធ្វើការវាស់វែង និងប្រគល់ឲ្យសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយគ្នាតាមច្បាប់ និងប្រគល់សពឲ្យសាច់ញាតិ ធ្វើបុណ្យតាមប្រពៃណី ៕