ណែនាំ២លើកមិនស្តាប់ ផ្គើនពេក អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ចុះបិទអាហារដ្ឋានឫស្សីផ្អែម ល្មើសវិធានការរដ្ឋបាល រកឃើញមនុស្សដល់១០១នាក់ និងម៉ូតូរថយន្តជាច្រើនគ្រឿង!
សន្តិសុខសង្គម
217

រាជធានីភ្នំពេញ ៖ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ចុះបិទទីតាំង អាហារដ្ឋាន ឫស្សីផ្អែម ផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញបាន ដោយសារណែនាំ អប់រំ ២លើក មិនអនុវត្តតាម។

ប្រតិបត្តិការនេះដឹកនាំដោយលោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ តំណាងលោក ហែម ដារិទ្ធិ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ កាលពីរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ ។

បើតាមការបញ្ជាក់ពីអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ នៅក្នុងរង្វង់ប្រតិបត្តិការនេះ គឺសមត្ថកិច្ចក៏ដូចអាជ្ញាធរខណ្ឌពោធិ៍សែនជ័យនោះបានឡោមព័ទ្ធទីតាំងអាហរដ្ឋានខាងលើ ដែលរំលោភទៅលើវិធានការរដ្ឋបាលរាជធានីភ្នំពេញ សរុប ប្រុស ស្រីប្រហែលជា ១០១នាក់ មានទាំងរថយន្ត មានទាំងម៉ូតូបានជាច្រើនគ្រឿងផងដែរ។

ជុំវិញបញ្ហានេះ ក្រុមការងារសាលាខណ្ឌពោធិ៍សែនជ័យ ធ្លាប់បានចុះណែនាំ និងធ្វើកិច្ចសន្យាចំនួន ២លើកមកហើយ តែមិនស្ដាប់ ។ ចំពោះមុខអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បានសម្រេចបិទទ្វាររបង ហើយឱ្យមនុស្សក្នុងហាងទាំងអស់ ធ្វើសំណាក នៅក្នុងបរិវេណ អាហារដ្ឋាន ឫស្សីផ្អែម ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ព្រមទាំងកាត់ស្លាកយីហោចេញខាងមុខទីតាំងហាងផងដែរ ៕


Telegram