ខេត្តកណ្តាល ៖ យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យដឹងថា ក្រោមបញ្ជាដឹកនាំពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល សូមឆ្លើយតបចំពោះគណនីហ្វេសបុក សូមមិនបង្ហាញឈ្មោះដែលបានរាយការណ៍ក្នុងប្រអប់សារផេក មានខ្លឹមសារថា៖
«សូមគោរពលោកស្នងការដ្ឋាននករបាលខេត្តកណ្តាល ខ្ញុំបាទរស់នៅភូមិស្វាយមាស ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល នៅថ្នល់ក្រោយជិតហ្នឹងសាលាឆទានភូមិស្វាយដោយសាមានការផឹកស៊ីនិងច្រៀងធុងបាស រំខានដល់ប្រពន្ធខ្ញុំដែលទើបសម្រាលកូនថ្មីៗនេះ សូមលោកស្នងការមេត្តាជួយសម្រួលដល់រូបខ្ញុំបាទផង»។
ក្រោយពីទទួលបានព័ត៌មានខាងលើ ដោយបានការចង្អុលបង្ហាញពីក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្ត
នៅថ្ងៃអាទិត្យទី ២២ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង៩យប់ លោកអធិការនគរបាលស្រុកខ្សាច់កណ្តាល បានបញ្ជាឲ្យផ្នែកជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវិហារសួគ៌ ចុះទៅដល់ទីតាំងខាងលើបានឃាត់ខ្លួនសង្ស័យម្នាក់ ។
ជនសង្ស័យរូបនេះមាន ឈ្មោះ មួន វុទ្ធី ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ គ្រប់គ្រងគ្រឿងចក្រ មានទីលំនៅភូមិ ឃុំកើតហេតុ ហើយត្រូវបានសមត្ថកិច្ច យកសំណាករកមេរោគកូវីដ-១៩ លទ្ធផល អវិជ្ជមាន។
ក្នុងនោះសមត្ថកិច្ចក៏បានធ្វើការដកហូត ធុងបាស់(Speaker) ពណ៌ខ្មៅ ទំហំ៤តឹក ចំនួន០១គ្រាប់
បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល បន្តអនុវត្តតាមនីតិវិធីច្បាប់៕