ខេត្តកណ្ដាល ៖ យោងតាមផេក នាយកដ្ឋានផ្សព្វផ្សាយអប់រំ បានឲ្យដឹងថា បុរសម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយយក កែវកាហ្វេ វាយទៅលើបុរសម្នាក់ទៀត ចំ៦កន្លែង បណ្តាលឲ្យបែកក្បាល ដេរចំនួន៤៥ថ្នេរ កាលពីវេលាម៉ោង ១២និង៣០នាទី ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ មុខរោងលក់កាហ្វេរបស់ឈ្មោះប៉ោ ភូមិស្វាយជ្រុំ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ភូ យ៉ាំងក ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិវៀតណាម កម្មករបូមខ្សាច់ មានទីលំនៅភូមិរកាកោង ឃុំរកាកុងទី១ស្រុកមុខកំពូល ខេត្តកណ្ដាល រងរបួសចំនួន០៦កន្លែង ដេរចំនួន៤៥ថ្នេរ។
ចំណែកជនសង្ស័យឈ្មោះ ដាំង យ៉ាំងថាន់ ភេទប្រុស អាយុ៣៧ឆ្នាំជនជាតិវៀតណាម មុខរបរ នេសាទត្រីមានទីលំនៅភូមិរកាកោង ឃុំរកាកោងទី ១ ស្រុកមុខកំពូល ខេត្តកណ្ដាល រកឃើញបំណែកកែវចំនួន០២ដុំ។
សូមបញ្ជាក់ថា នៅថ្ងៃទី២២.០៨.២០២១វេលាម៉ោង០៩.០០នាទី ជនសង្ស័យបានទិញស្រាបៀរ ចំនួន០៦កំប៉ុង ទៅផឹកនៅមុខផ្ទះឪពុកក្មេករបស់ខ្លួនឈ្មោះឌាំង នៅភូមិស្វាយជ្រំ ឃុំព្រែកដំបង ជាមួយឈ្មោះ វី និងម្នាក់ទៀតមិនស្គាល់ឈ្មោះ ជាអ្នកច្រូតស្មៅគោ ជនជាតិខ្មែរ។ លុះផឹករហូតដល់វេលាម៉ោង១២.០០នាទីជនសង្ស័យក៏ឈប់ផឹកស្រាបៀរ ហើយដើរទៅនោមនៅក្បែររោងលក់កាហ្វេរបស់ឈ្មោះប៉ោង ពេលនោមរួចជនសង្ស័យក៏បានដើរចូលទៅក្នុងរោងកាហ្វេរបស់ឈ្មោះប៉ោ ពេលចូលទៅដល់ក៏ឃើញជនរងគ្រោះនឹងមនុស្សផ្សេងទៀតចំនួន០៤នាកកំពុងលេងបៀរដាក់បារី។
ប្រភពបន្តថា ពេលនោះជនរងគ្រោះបានបបួលជនសង្ស័យលេងបៀរដាក់បារី បើជនរងគ្រោះឈ្នះយកចំនួន០២កញ្ចប់ តែបើជនសង្ស័យឈ្នះបានចំនួន០៤កញ្ចប់ ពេលនោះជនសង្ស័យបានឆ្លើយថា អញអត់លេងទេ ព្រោះអញអ្នកក្រ ភ្លាមនោះជនរងគ្រោះ ក៏បបួលជនសង្ស័យវាយគ្នាមួយស្មើ ហើយជនសង្ស័យក៏ឆ្លើយថា អញមិនមែនអ្នកប្រដាល់ទេ ហើយក៏ស្ងាត់មាត់រៀងខ្លួន។ បន្ទាប់មកជនរងគ្រោះក៏បានបបួលជនសង្ស័យលេងបៀរទៀត តែជនសង្ស័យនៅតែប្រកែកមិនលេងជាមួយ ហើយក៏មានការឈ្លោះប្រកែកគ្នា ពេលនោះជនរងគ្រោះក៏បានដាល់ជនសង្ស័យចំនួន០១ដៃចំមុខ ហើយជនសង្ស័យក៏ស្ទុះទៅយកកែវកាហ្វេ វាយទៅលើជនរងគ្រោះបណ្ដាលឲ្យមានរបួសស្នាមដូចបានរៀបរាប់ខាងលើ ហើយអ្នកនៅទីនោះក៏បានមកចាប់ឃាត់ជនរងគ្រោះនិងជនសង្ស័យ បន្ទាប់មកបងប្អូនជនរងគ្រោះក៍បាននាំជនរងគ្រោះយកទៅព្យាបាលរបួសនៅមន្ទីរពេទ្យបង្អែកប៊ុន រ៉ានី ហ៊ុនសែន រកាកោង។
ចំណែកជនសង្ស័យត្រូវបានបងប្អូនរបស់ជនរងគ្រោះមួយចំនួនទៀត ចាប់ឃាត់ខ្លួនយកមកប្រគល់ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកដំបង។
ក្រោយពីសមត្ថកិច្ចធ្វើការសួរនាំជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានយកកែវវាយទៅលើជនរងគ្រោះបណ្ដាលឱ្យមានរបួសស្នាមពិតមែន ពេលនេះសមត្ថកិច្ចកំពុងអនុវត្តតាមច្បាប់៕