ខេត្តព្រះសីហនុ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្ដស៊េរីទំនើប ១គ្រឿងបើកបរដោយនារីជនជាតិបរទេស បើកក្នុងល្បឿនលឿនចាប់ហ្វ្រាំងមិនទាន់ជ្រុលចង្កូតទៅបុកនឹងបង្គោលភ្លើងរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង ១២និង២០នាទីយប់ឈានចូល ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ នៅត្រង់ចំណុចផ្លូវបំបែកជា៣ គឺផ្លូវ ឯករាជ្យ កែងនឹងផ្លូវ លេខ១០០ ស្ថិតក្នុងសង្កាត់៣ ក្រុង/ខេត្តព្រះសីហនុ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមានរថយន្ដស៊េរីទំនើបម៉ាក Chevrolet ពណ៌ខ្មៅលាយ ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 2BM-0024 បើកបរដោយនារីជនជាតិបរទេស ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន តាមបណ្ដោយផ្លូវលេខ១១៥ ខណៈដែលរថយន្ដបើកទៅដល់ចំណុចកែងផ្លូវ ឯករាជ្យ ចាប់ហ្វ្រាំងបត់មិនទាន់ស្រាប់តែជ្រុលចង្កូតទៅបុកនឹងបង្គោលភ្លើងបំភ្លឺផ្លូវបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ សំណាងល្អមិនបណ្ដាលអោយរងរបួសដល់អាយុជីវិតមនុស្ស។
ក្រោយកើតហេតុដោយរថយន្ដស៊េរីទំនើបខាងលើបង្កឲ្យខូចខាតនៅទ្រព្យសម្បត្តិរដ្ឋ ត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលខេត្តព្រះសីហនុធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍នឹងបន្តធ្វើការបន្តតាមនីតិវិធីច្បាប់៕