អាជ្ញាធរខេត្តព្រះសីហនុ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត
សន្តិសុខសង្គម
256

​ខេត្តព្រះសីហនុ ៖ គិតត្រឹមម៉ោង០៨យប់នេះ កម្រិតទឹកភ្លៀងមានកម្ពស់ ២៤៩មម និងបើតាមយោងការព្យាករណ៍ករណីភ្លៀងធ្លាក់នៅខេត្តព្រះសីហនុ នឹងបន្តធ្លាក់ពីកម្រិតមធ្យមទៅច្រើន ដូច្នេះរដ្ឋបាលខេត្តសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ដោយស្វែងរកទីតាំងដែលមានសុវត្ថិភាព និងកុំធ្វើដំណើរចាកចេញពីផ្ទះបើគ្មានភាពចាំបាច់។នេះបើយោងតាមផេករដ្ធបាលខេត្តព្រះសីហនុ ដែលបានបង្ហោះកាលពីយប់មិញនេះ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បញ្ជាក់ថា គិតចាប់ពីវេលាម៉ោង១៧:០០នាទីល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ រហូតមកដល់ពេលនេះ នៅក្រុងព្រះសីហនុមានភ្លៀងធ្លាក់យ៉ាងខ្លាំង ។ កម្ពស់ទឹកភ្លៀងមានកម្រិតរហូត ២៤៩មម គិតត្រឹមម៉ោង២០:០០យប់ ធ្វើឲ្យតំបន់ទំនាបមួយចំនួន(អូរ១ អូរ២ អូរ៣ អូរ៤ និងអូរ៥)ទទួលរងការលិចលង់ ។ ពេលនេះភ្លៀងនៅកំពុងបន្តធ្លាក់នៅឡេីយ ។ តាមព័ត៌មានទទួលបានថានៅលើផ្លូវមិត្តភាព (ផ្លូវលេខ៨០០) អូរ៥ ក្នុងភូមិ៥ សង្កាត់លេខ៤ មានមនុស្សប្រុសម្នាក់(មិនស្គាល់អត្តសញ្ញាណ)បានកំពុងជិះម៉ូតូកាត់ទឹក ក៏ត្រូវបានទឹកហូរធ្វេីអោយដួលម៉ូតូ ។ ទាំងមនុស្សនិងម៉ូតូត្រូវបានទឹកហូរទម្លាក់ទៅក្នុងប្រឡាយអូរ៥បាត់ខ្លួន ។

ពេលនេះកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រះសីហនុ បានសហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តចុះអន្តរាគមន៍ស្វែងរកជនរងគ្រោះ ក៏ដូចជាចុះជួយអន្តរាគមន៍នៅតាមតំបន់ទទួលរងការលិចលង់ ។នេះបើយោងតាមទូរទស្សន៍ជាតិកម្ពុជាដែលបានផ្សាយកាលពីម្សិលមិញដែរ៕


Telegram