ខេត្តព្រះសីហនុ ៖ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នាវេលាម៉ោងប្រហែល៥និង៣០នាទីល្ងាច ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ម្សិលមិញនេះ មានពីប្រជាពលរដ្ឋរាយការណ៍ជូនសមត្ថកិច្ចខេត្តព្រះសីហនុថា ស្ថិតលើផ្លូវមិត្តភាព ក្បែរដុនបូស្កូ មានមនុស្សម្នាក់ មិនស្គាល់អត្តសញ្ញាណ និងជនជាតិ បានធ្លាក់ទៅក្នុងទឹកប្រឡាយអូរប្រាំ បាត់ខ្លួនតែម្តង។
បន្ទាប់ពីទទួលព័ត៌មានភ្លាម លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានចេញបញ្ជាឲ្យកម្លាំងអធិកាដ្ឋាននគរបាលក្រុងសហការជាមួយកម្លាំងទីបញ្ជាការស្រាល គណៈបញ្ជាការឯកភាពក្រុង និង ក្រុមការងារជួយសង្គ្រោះ ស្រាវជ្រាវរកជនរងគ្រោះនៅចំណុចកើតហេតុ។
ក្នុងនោះ ដោយមានភ្លៀងធ្លាក់ខ្លាំងនៅខេត្តព្រះសីហនុ, អាជ្ញាធរបញ្ចេញកម្លាំងជួយសង្គ្រោះកន្លែងលិចលង់ និងអំពាវនាវពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន។
គិតត្រឹមម៉ោង០៨និង២០នាទីយប់ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះ កម្រិតទឹកភ្លៀងនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានកម្ពស់រហូតដល់២៤៩មីល្លីម៉ែត្រ ដែលបណ្ដាលឲ្យតំបន់មួយចំនួនរងនូវការលិចលង់ចូលក្នុងផ្ទះសម្បែង ។
សូមបញ្ជាក់ថា គិតរហូតមកទល់នឹងម៉ោង ៩ និង២០នាទីព្រឹក ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១នេះ សមត្ថកិច្ចកំពុងរុករកមនុស្ស ដែលត្រូវជំនន់ទឹកភ្លៀងហូរខ្លាំងគួចបាត់ ខណៈមេឃធ្លាក់ភ្លៀងខ្លាំងកាលពីម្សិលមិញ នៅចំណុចអូរ៥ ស្ថិតក្នុងភូមិអាចន៍មឹក ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ជិតឆ្នេរអូរឈើទាល ដោយមិនទាន់រកឃើញនៅឡើយ ៕