Update ៖ ២ករណីហូរមនុស្សគួចតាមជំនន់ទឹកភ្លៀងនៅខេត្តព្រះសីហនុ ជួយសង្គ្រោះបានម្នាក់ លិចបាត់ម៉ូតូរកមិនឃើញ និងម្នាក់ទៀតប៉ើងឆ័ត្រធ្លាក់ទាំងមនុស្សចូលប្រឡាយ ឃើញស.ពហើយនៅព្រឹកនេះ ខណៈបេសកម្មស្វែងរកសពតាំងពីយប់ម្សិលមិញ
សន្តិសុខសង្គម
250

ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ រួមនិង លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ និងលោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ បានចុះមកដល់ទីតាំងបេសកម្មភាព ស្វែងរកសាកសពបុរសម្នាក់ ដែលត្រូវបានជំនន់ភ្លៀងហូរគួចយកទៅបាត់ ធ្លាក់ចូលប្រឡាយ ទឹក បាត់ខ្លួនតាំងពីយប់ម្សិលមិញនេះ ហើយគិតមកទល់នឹងម៉ោង១០ និង៤៥នាទីព្រឹក ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១នេះ សាកសពបុរសខាងលើ គឺត្រូវបានកម្លាំងចម្រុះរុករកឃើញហើយ ក្រោយម្លប់តាប៉ាង ដែលមានទីតាំងនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលមានចម្ងាយចេញពីកន្លែងកើតហេតុ ត្រង់ចំណុចអូ៥ ស្ថិតក្នុងភូមិអាចន៍មឹក ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ជិតឆ្នេរអូរឈើទាល ប្រហែល៥គីឡូម៉ែត្រ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ប្រាប់ក្រុមការងារ TVFB ឲ្យដឹងថា ដោយសារយប់មិញនេះ អាជ្ញាធរខេត្តព្រះសីហនុ ទទួលបានព័ត៌មានពីប្រជាពលរដ្ឋ ថាមានករណីបុរសម្នាក់ បានដើរកាន់ឆ័ត្រខណៈមេឃកំពុងធ្លាក់ភ្លៀងខ្លាំង ហើយត្រូវបានខ្យល់បក់ប៉ើងឆ័ត្រ ទាញទាំងមនុស្សធ្លាក់ចូលប្រឡាយទឹក ទាំងមនុស្សទៅបាត់តែម្តង។

ឯកឧត្តម អភិបាលខេត្តបានបន្តថា ភ្លាមៗលោកបានចាត់កម្លាំងគណៈបញ្ជាការឯកភាព អាវុធហត្ថ មានទាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នគរបាលក្រុងព្រះសីហនុ នគរបាលមូលដ្ឋាន កម្លាំងជើងទឹកខេត្ត កម្លាំងកងរាជអាវុធហត្ថខេត្ត បានធ្វើការស្រាវជ្រាវ តាមរុករកជនរងគ្រោះ តាមប្រឡាយ លូ ព្រៃកោងកាង រួមទាំងកងកម្លាំងមូលដ្ឋានរបស់រាម កំពុងប្រើប្រាស់កាណូត២គ្រឿង ល្បាតក្នុងសមុទ្រ ស្វែងរកជនរងគ្រោះ ដោយសារតែអាជ្ញាធរបានសិក្សាពីប្រព័ន្ធអូរឈើទាល ដែលទឹកបានហូរតាំងពីលូប្រាំ ធ្លាក់មកបន្តបន្ទាប់តាមអូរឈើទាល ធ្លាក់ទៅស្ពានពយអូរឈើទាល និងទៅសមុទ្រ ។

ឯកឧត្តម គួច ចំរើន បានលើកឡើងថា ជាទូទៅ បើជំនន់ទឹកភ្លៀងលើសពី៧០ មីលីម៉ែត្រឡើងទៅគឺលិចនឹងមានការជន់លិច ដោយឡែកសម្រាប់ យប់មិញនេះ ភ្លៀងត្រឹម៤ម៉ោង ជំនន់ទឹកភ្លៀងបានហក់ឡើងដល់កម្ពស់ ២៧៩មីលីម៉ែត្រ ប៉ុន្តែដល់ម៉ោង១០យប់ថ្ងៃដដែល ទឹកក៏បានស្រកអស់វិញ ។

លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានប្រាប់ក្រុមការងារTVFB ឲ្យដឹងថា សាកសពបុរសខាងលើ ដែលត្រូវបានរកឃើញនេះ អាជ្ញាធរសង្ស័យជាជំហ៊ានដំបូងថាជាបុរសជនជាតិចិន ប៉ុន្តែទោះបីជាយ៉ាងណា រង់ចាំគ្រូពេទ្យជំនាញខេត្ត ធ្វើការពិនិត្យ និងសម្អាតសពស្រាវជ្រាវរកសាច់ញាតិ និងទាក់ទងទៅស្ថានទូតបន្តទៀត ដើម្បីធ្វើបុណ្យតាមប្រពៃណី ។

លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី ក៏បានសូមណូមពរ អំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋក្នុងរដូវវស្សា ដែលមានភ្លៀងធ្លាក់ខ្លាំងនេះ សូមប្រជាពលរដ្ឋទាំងអស់មេត្តាបង្កើនការប្រុងប្រយត្ន័ ឲ្យបានខ្ពស់ ចៀសវាងមានគ្រោះថ្នាក់ ពិសេសបើមានបញ្ហាអ្វីកើតឡើង សូមទាក់ទងមកកាន់អាជ្ញាធរមានសមត្ថកិច្ចភ្លាម ដើម្បីចុះអន្តរាគមន៍បានទាន់ពេលវេលា ។

សូមបញ្ជាក់ផងដែរ ភ្លៀងធ្លាក់ខ្លាំង នៅក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ល្ងាចម្សិលមិញនេះ មាន២ករណីផ្សេងទៀត ដែលត្រូវទឹកគួចហូរតាមជំនន់ទឹកភ្លៀង ។ ករណីទី១ នៅចំណុចអូអារ៉េវ មានការហួចគួចទាំងមនុស្សទាំងម៉ូតូ ប៉ុន្តែត្រូវបានអាជ្ញាធរជួយសង្គ្រោះបានមកវិញ ដោយឡែកម៉ូតូរកមិនឃើញនោះឡើយ ។ ចំណែកករណី២ នៅចំណុចអូ៥ មានករណីបុរសម្នាក់ បានដើរកាន់ឆ័ត្រខណៈមេឃកំពុងធ្លាក់ភ្លៀងខ្លាំង ហើយត្រូវបានខ្យល់បក់ប៉ើងឆ័ត្រ ទាញទាំងមនុស្សធ្លាក់ចូលប្រឡាយទឹក ទាំងមនុស្សទៅបាត់តែម្តង ដែលរកឃើញសាកសពនៅព្រឹកនេះ ៕



Telegram