រាជធានីភ្នំពេញ ៖ បុរសម្នាក់មិនដឹងជាមានវិបត្តិអ្វីដោះស្រាយមិនចេញឬក៏សតិមិនប្រក្រតីឡើយ បានឡើងលើបង្គោលថ្មភ្លើងបំភ្លឺផ្លូវមានកម្ពស់៦ម៉ែត្រ លោតទម្លាក់ខ្លួនចុះមកដល់ដី តែមិនស្លាប់ តែរងរបួសធ្ងន់ធ្ងរ បង្ករឲ្យភ្ញាក់ផ្អើលដល់សមត្ថកិច្ច និង ប្រជាពលរដ្ឋដែលរស់នៅទីនោះហៅរថយន្តសាមុយដឹកទៅសង្គ្រោះបន្ទាន់នៅគ្លីនិកឯកជនមួយកន្លែង កាលពីវេលាម៉ោង១និង២៥ នាទី ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ នៅត្រង់ចំណុចបង្គោលថ្មភ្លើងបំភ្លឺផ្លូវមុខវិទ្យាល័យទឹកល្អក់ តាមបណ្ដោយផ្លូវលេខ២០២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា គេឃើញបុរសមិនស្គាល់ពីអត្តសញ្ញាណ្ណខាងលើនេះ ជិះម៉ូតូកង់បីឥណ្ឌា រួមមានទាំងកាបូបស្ពាយមួយ ចុះពីលើកង់បី រួចដើរសំដៅមកដល់គោលដៅនេះតាំងពីព្រឹកមកម៉្លេះ និងមានប្រជាពលរដ្ឋដែលរស់នៅទីនោះសួរនាំក៏គាត់មិនឆ្លើយតបឡើយ គឺគ្រាន់តែដើរទៅដើរមកនៅម្ដុំកន្លែងកើតហេតុតែប៉ុណ្ណោះ។
ប្រភពដដែលបន្តថា លុះដល់វេលាកើតហេតុខាងលើ បុរសនោះស្រាប់តែឡើងទៅលើបង្គោលថ្មភ្លើងបំភ្លឺផ្លូវកម្ពស់៦ម៉ែត្រ បម្រុងលោតតែត្រូវសមត្ថកិច្ចនិងប្រជាពលរដ្ឋឃាត់ទាន់ ប៉ុន្តែបុរសនោះមិនស្តាប់ឡើយ ហើយស្រែកដង្ហោយហៅរកម្តាយអោយជួយ ហើយភ្លាមៗនោះ ស្រាប់តែបុរសខាងលើបានតោងទាញខ្សែកាបដែលជាប់នឹងបង្គោលភ្លើងបំភ្លឺផ្លូវ យកមកចងកនិងរុំដងខ្លួន ហើយក៏រអិលជើងធ្លាក់មកដល់ដី បណ្តាលឲ្យបែកក្បាលហូរឈាមរងរបួសធ្ងន់ ដេកស្តូករនៀលដី ។
ក្រោយពេលកើតហេតុបុរសនោះត្រូវបានសមត្ថកិច្ចហៅរថយន្តសង្គ្រោះបន្ទាន់ឯកជនមកដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ៕