ក្រុមចោរលួចម៉ូតូយ៉ាងសកម្ម២នាក់ ត្រូវបានសមត្ថកិច្ចតាមបង្ក្រាបដល់សម្បុក
សន្តិសុខសង្គម
165

រាជធានីភ្នំពេញ ៖ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ , លោកវរសេនីយ៍ទោ ឈឹម សាវុទ្ធ អធិការរងខណ្ឌកំបូល បានឲ្យដឹងថា ជនសង្ស័យ២នាក់ ដែលបានធ្វើសកម្មភាពកាច់កម៉ូតូរបស់ប្រជាពលរដ្ឋកាលពីវេលាម៉ោង១១និង០០នាទី ថ្ងៃទី២៣ ខែ សីហា ឆ្នាំ២០២១នោះ នឹងត្រូវបញ្ជូនទៅកាន់តុលាការនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១នេះ ។

លោកវរសេនីយ៍ទោ ឈឹម សាវុទ្ធ អធិការរងនគរបាលខណ្ឌកំបូល ទទួលការងារព្រហ្មទណ្ឌបានបញ្ជាក់ឲ្យដឹងទៀតថា នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១១និង០០នាទី ជនរងគ្រោះមកពីធ្វើការបានចាក់សោរម៉ូតូទុកនៅខាងមុខបន្ទប់ជួល ហើយបានចូលទៅដេកខាងក្នុងបន្ទប់។ លុះដល់ម៉ោងប្រហែល១២និង៣០នាទី មានជនសង័្សយពីរនាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហុង ដាសេ១២៥ ពណ៌ខ្មៅបានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះ ដោយប្រើឧបករណ៍ដែកកាច់អក្សរT ហើយជិះម៉ូតូចេញពីកន្លែងកើតហេតុ។

លោកអធិការរងដ៏ដែលបន្តថា ស្របពេលដែលម្ចាស់ម៉ូតូភ្ញាក់ពីដេកក៏ស្រែកឆោឡោចោរៗៗ ពេលនោះកម្លាំងរបស់ប៉ុស្តិ៍នគរ បាលរដ្ឋបាលកំបូល កំពុងល្បាតតាមផ្លូវក៏លឺបានដេញតាមស្ទាក់ពីមុខចាប់បានជនសង្ស័យម្នាក់ ហើយម្នាក់ទៀតបានគេចខ្លួនបាត់។

លោកបន្តថា ក្រោយពីធ្វើការសាកសួររួចជនសង្ស័យបានសារភាពថាខ្លួននិងបក្សពួកពិតជាបានធ្វើសកម្មភាពលួចកាច់សោរ កម៉ូតូរបស់ជនរងគ្រោះប្រាកដមែន។ បន្ទាប់មកកម្លាំងជំនាញព្រហ្មទណ្ឌដឹកនាំដោយលោកវរសេនីយ៍ទោ ឈឹម សាវុទ្ធ អធិការ រងបានធ្វើការស្រាវជ្រាវបន្តឈានទៅឃាត់ខ្លួនជនសង្ស័យដែលបានគេចខ្លួន នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ព្រមទាំងដកហូតបានវត្ថុតាងមួយចំនួនទៀត។

លោកអធិការរងក៏បានបញ្ជាក់ប្រាប់ឈ្មោះជនសង្ស័យទី១/ ឈ្មោះ ម៉ី ដាវង្ស ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ(មានសារធាតុញៀន)។ និងជនសង្ស័យទី២/ ឈ្មោះ ស៊ឹម សុភាព ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ (គ្មានសារធាតុញៀន)។ ក្នុងនោះសមត្ថកិច្ចក៏បានដកហូតសម្ភារៈម៉ូតូហុងដាសេ១២៥ របស់ជនរងគ្រោះ ស្លាកលេខម៉ូតូចំនួន ០៥សន្លឹក និងគ្រឿងបន្លាស់មួយចំនួន។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៦សីហាស្អែកនេះ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕


Telegram