រាជធានីភ្នំពេញ ៖ ស្ត្រីអ្នកលក់មាន់ម្នាក់ បានដោតដុំសាកថ្មទូរសព្ទបណ្តើរ ចុចលេងបណ្តើរ អកុលស្យឆក់ចរន្តអគ្គិសនីធ្លាក់ពីតូបមកលើដី ស្លាប់ក្រោយបញ្ជូនទៅមន្ទីរពេទ្យ ខណៈដែលពេលនោះ ក៏មានអាជីវករដែលលក់ដូរជិតគ្នាឃើញ ស្មានថាខ្យល់គរ ក៏ស្ទុះទៅជួយលើក តែបែរជាឆក់ទាំងស្ត្រីរូបនោះទៀត ចាត់ទុកថាសំណាងណាស់ ដែលស្ត្រីរត់ចូលទៅជួយនោះ មិនមានគ្រោះថ្នាក់ថែមម្នាក់ទៀត ។
ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើល នៅម៉ោង១០ និង៣០នាទី ព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ មុខផ្សារព្រៃទារ ភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សាកសពស្ត្រីខាងលើមានឈ្មោះ ម៉ាន់ ធីដា ភេទស្រី អាយុ៤០ឆ្នាំ មុខរបរលក់សាច់មាន់ ស្នាក់នៅក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ ។
ប្រភពព័ត៌មានពីអាជីវករដែលលក់ដូរជិតគ្នាបានឲ្យដឹងថា មុនពេលកើត ស្ត្រីរងគ្រោះ បានអង្គុយលក់មាន់ ដូចសព្វមួយដង ហើយក៏បានទាញព្រីភ្លើង មកដាក់ក្បែរខ្លួន ដើម្បីសាកថ្មទូរស័ព្ទបណ្តើរចុចលេងបណ្តើរ អកុសលស្រាប់តែខ្សែភ្លើងនោះ បានដាច់រលាត់ប៉ះជាមួយបង្គោលរោងដែកតូបលក់ដូរ ក៏បណ្តាលឲ្យឆក់ ធ្លាក់មកលើដីរងរបួសធ្ងន់ ខណៈដែលពេលនោះ ក៏មានអាជីវករដែលលក់ដូរជិតគ្នាឃើញ ស្មានថាខ្យល់គរ ក៏ស្ទុះទៅជួយលើក តែបែរជាឆក់ទាំងស្ត្រីរូបនោះទៀត ចាត់ទុកថាសំណាងណាស់ ដែលស្ត្រីរត់ចូលទៅជួយនោះ មិនមានគ្រោះថ្នាក់ថែមម្នាក់ទៀត ។ រីឯជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ តែអកុសល្យបានស្លាប់ទៅហើយ ទើបដឹកសពមកទីតាំងកន្លែងកើតហេតុវិញ និងរាយការណ៍ជូនសមត្ថកិច្ច ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍កាកាប២ បានចុះមកដល់ទីតាំងកើតហេតុ សហការជាមួយនគរបាលជំនាញផ្នែកកោសល្យវិច័យ បានពិនិត្យទៅលើសាកសពជនរងគ្រោះបានឲ្យដឹងថា ពិតជាស្លាប់ដោយសារឆក់ចរន្តអគ្គិសនីពិតមែននិងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕ មេសា