រំដោះការលិចលង់ភូមិដ្ឋានបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញនៅបំណាច់ខែសីហានេះ
សន្តិសុខសង្គម
120

រាជធានីភ្នំពេញ ៖ ដោយមានការណែនាំនិងចង្អុលបង្ហាញពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មន្ទីរសាធារណការនិងដឹកជញ្ជូន រាជធានីភ្នំពេញសហការជាមួយមន្ទីរធនធានទឹកនិងអាជ្ញាធរដែនដី បានធ្វើសកម្មភាពស្តារប្រឡាយមេជាច្រើនខ្សែនៅក្នុងរាជធានីភ្នំពេញ ខណៈដែលសកម្មភាពស្តារប្រឡាយមេទាំងនេះនឹងបញ្ចប់នៅបំណាច់ខែសីហានេះ ដើម្បីរំដោះការលិចលង់ភូមិដ្ឋានប្រជាពលរដ្ឋ។

ប្រឡាយទឹកដែលក្រុមការងារបានអនុវត្តរួចរាល់និងកំពុងអនុវត្តការងារស្តារនៅពេលនេះ រួមមានប្រឡាយមេទួលពង្រទី១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ទំហំ ៨ម៉ែត្រនិងជម្រៅ២ម៉ែត្រ ធ្វើស្ពានចំនួន៧កន្លែង និងបុកស៊ីផាយតាមមាត់ប្រឡាយមេ ការពារដីបាក់ ដោយគិតមកដល់ពេលនេះ ការដ្ឋានទាំងមូលសម្រេចបានជិត១០០ភាគរយហើយ ។ ប្រឡាយនេះមានតួនាទីយ៉ាងសំខាន់ ក្នុងការបង្ហូរទឹក រំដោះទឹកជន់ពីផ្លូវជាតិលេខ៣ក្នុងភូមិសាស្ត្រខណ្ឌមានជយ័ទៅកាន់បឹងជើងឯក និង បន្តហូរទៅកាន់ស្ទឹងជ្រៅ ។

ប្រឡាយមេទួលពង្រទី២ ស្ថិតនៅភូមិសាស្រ្តសង្កាត់ចោមចៅ២និងចោមចៅទី១ ខណ្ឌពោធិសែនជ័យ ដើម្បីបង្ហូរទឹកភ្លៀងនិងទឹកកខ្វក់ ពីផ្លូវជាតិលេខ៣ទៅកាន់ប្រឡាយព្រែកហា។ ប្រឡាយមេលូ៥ ជាប្រឡាយដែលគេទទួលស្គាល់ថា ជាប្រឡាយដ៏សំខាន់ក្នុងការរំដោះទឹក ក្នុងមូលដ្ឋានខណ្ឌពោធិ៍សែន ជ័យ ,ខណ្ឌសែន សុខ និងខណ្ឌមានជ័យ ទំលាក់ទៅប្រឡាយម័លនិងបន្តចុះទៅជើងឯក គិតមកដល់ពេលនេះ ការស្តារប្រឡាយនេះ ត្រូវបានបញ្ចប់១០០ភាគរយហើយ ។

ចំណែកប្រឡាយមេស្ទឹងមានជ័យ ក្រុមការងារបាននិងកំពុងស្ថាបនា ដោយការបុកស៊ីផាយបេតុងជញ្ជាំងប្រឡាយ មានប្រវែងជាង ១៥០០ម៉ែត្រ ទោះបីជាមិនទាន់រួចរាល់យ៉ាងណាក្តី តែប្រឡាយនេះ អាចបង្ហូរទឹកហូរបានយ៉ាងល្អ មិនមានបញ្ហាអ្វីឡើយ ។ ប្រឡាយមេម័លនៅក្នុងភូមិសាស្រ្តភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ មានប្រវែង២៨១៥ម៉ែត្រ ទទឺងចាប់ពី២០ម៉ែត្រទៅ៣០ម៉ែត្រ ចាប់ពីស្ថានីយបូមទឹកលូ៥ ដល់ស្ថានីយបូមទឹកបឹងទំពុន គ្រោងនឹងបញ្ចប់នៅចុងខែសីហាឆ្នាំ២០២១នេះ ។ ប្រឡាយមេពីរខ្សែនៅអមសងខាងផ្លូវរថភ្លើង ពីផ្លូវជាតិលេខ៤ តភ្ជាប់ទៅប្រឡាយអូរលាវ ក្រុមការងារបានស្តារ ដើម្បីបើកមុខទឹក ឲ្យហូរទៅកាន់បឹងទំនប់កប់ស្រូវ ដែលប្រឡាយនេះ មានតួនាទីយ៉ាងសំខាន់ក្នុងការរំដោះជំនន់ទឹកភ្លៀងនៅប៉ែកខាងលិចរាជធានីភ្នំពេញ ពិសេសក្នុងទឹកដីនៃខណ្ឌកំបូលទាំងមូល និងមួយផ្នែកនៃខណ្ឌពោធិ៍សែនជ័យផងដែរ។

រីឯការស្តារប្រឡាយមេបឹងទំពន់ ដែលមានប្រវែង៣៧១០ម៉ែត្រទទឹង៣០ម៉ែត្រ ពីប្រឡាយស្ទឹងមានជ័យដល់ស្ថានីយបឹងទំពន់ផ្លូវ៣៧១ ខណៈដែលប្រឡាយនេះមានតួនាទីយ៉ាងសំខាន់ក្នុងការរំដោះទឹកពីប្រឡាយដើមស្លែង ប្រឡាយបារាំង ពិសេសរំដោះទឹកពីក្នុងខណ្ឌ ពោធិសែនជ័យ ខណ្ឌសែនសុខ ខណ្ឌទួលគោកនិងផ្នែកខ្លះក្នុងខណ្ឌចំការមន និងខណ្ឌ៧មករា។

ស្តារព្រែកអូរខ្សាច់ ដែលមានប្រវែង ១៦,៧៩៩ម៉ែត្រ មាត់លើ ២៦ម៉ែត្រ បាតក្រោម ១៧ម៉ែត្រ និងជម្រៅ ៣ម៉ែត្រ ស្ថិតក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល ប្រវែង ២ ,០៤៩ម៉ែត្រ និងខណ្ឌកំបូល រាជធានីភ្នំពេញ ប្រវែង ១៤,៧៥០ម៉ែត្រ ដែលប្រឡាយនេះមានតួនាទី រំដោះទឹក ចាប់ពីឃុំបែកចាន ក្នុងស្រុកអង្គស្នួលខេត្តកណ្ដាល បន្តមកសង្កាត់កំបូល សង្កាត់ឪឡោក សង្កាត់ស្នោរ ខណ្ឌកំបូល ហើយបន្តហូរចូលទៅ ក្នុងបឹងតាម៉ោកតែម្ដង។

ការស្ដារប្រឡាយមេបឹងហា ដែលមានប្រវែងជាង២គីឡូម៉ែត្រ ចាប់ពីស្ពានថ្មផ្លូវព្រៃស ដល់ស្ថានីយ៍បូមទឹកលូប្រាំ ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ពេលនេះ រដ្ឋបាលរាជធានីភ្នំពេញបានធ្វើសកម្មភាពស្តាររួចរាល់១០០ភាគរយហើយ និងការស្តារប្រឡាយមេ បឹងត្របែកដែលចាប់ផ្ដើមអនុវត្តការងារកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ និងបានបញ្ចប់កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១កន្លងមក៕


Telegram