រាជធានីភ្នំពេញ ៖ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ ២០២១ ត្រង់ចំណុចភូមិភ្នាត ឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង កម្លាំង ជំនាញនាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ បានដឹកនាំកម្លាំង ជំនាញស្នងការដ្ឋាននគរបាលរាជធានីភ្នំ ពេញ និងកម្លាំងស្នង ការដ្ឋាន នគរបាល ខេត្ត ព្រៃវែង ចុះធ្វើការបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យ ឈ្មោះ បាន ណារ័ត្ន ហៅ ង៉ោល ភេទប្រុស អាយុ ៣៧ឆ្នាំ ស្នាក់នៅភូមិ ចុងទួល ឃុំ ស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង ពាក់ព័ន្ធ ករណី លួចមាន ស្ថានទម្ងន់ទោស (ប្លន់)។
ប្រតិបត្តិការនេះដឹកនាំដោយមានការបញ្ជាផ្ទាល់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងចង្អុលបង្ហាញពី ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា អគ្គស្នងការរងទទួលផែន និងឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួរ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចង្អុលបង្ហាញមកកាន់ការិយាល័យជំនាញ ដឹកនាំដោយលោកវរសេនីយ៍ឯក ខេង ម៉េងឈាង នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកមេសាង និងអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ។
គួររំលឹកដែរថា កាលពី ថ្ងៃទី ២៣ ខែ សីហា ឆ្នាំ ២០២១ វេលា ម៉ោង ប្រហែល ០៦និង៣០នាទី ជនរងគ្រោះ ឈ្មោះ ម៉ុម ថា ណូ ភេទប្រុស អាយុ៥៩ឆ្នាំ ជនជាតិ ខ្មែរ បាន ជិះរថយន្តម៉ាក ហាយឡេនឌ័រ ព៌ណ ទឹកប្រាក់ ផលិតឆ្នាំ ២០១៤ ពាក់ផ្លាកលេខ ភ្នំពេញ ២AW-៩៧៣៨ ចេញពីផ្ទះ ដើម្បី ទៅ ហូប គុយទាវ នៅម្តុំ ផ្សារឈូកមាស ជាមួយ ឈ្មោះ ណាំ ង វិល័យ ភេទស្រី អាយុ៤២ឆ្នាំ និងឈ្មោះ ឯក សុខន ភេទប្រុស អាយុ ៥៩ឆ្នាំ ។
ក្រោយមក នៅវេលាម៉ោង ០៩និង០០នាទី ជនរងគ្រោះ បើករថយន្ត ម្នាក់ឯងទៅដីឡូតិ៍គ្មានលេខ ផ្លូវលំ ភូមិជំរៅ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានី ភ្នំពេញ (ចំណុចកើតហេតុ) ចំណែកឈ្មោះ ណាំង វិល័យ និងឈ្មោះ ឯក សុខន ជិះរថយន្ត០១គ្រឿង ទៀត ទៅតាម ក្រោយ នៅពេលដែលអ្នកទាំង ពីរ បានទៅដល់ដីឡូតិ៍ របស់ជនរងគ្រោះ ដោយស៊ីផ្លេររថយន្ត អោយបើកទ្វារ របង តែជនរងគ្រោះបានស្រែកហៅអោយជួយផងបែកក្បាលហូរឈាមឈឺណាស់ ភ្លាមនោះឈ្មោះ ណាំង វិល័ យ បានស្រែកហៅកម្មករម្នាក់អោយផ្លោះរបងចូលក្នុងដីឡូតិ៍ វាយផ្តាច់មេសោ ហើយបានជួយជនរងគ្រោះ ទៅព្យាបាលនៅគ្លីនិច រ៉េមប៉ូ ។
សំភារៈ បាត់បង់ រួមមាន៖ ចិញ្ជៀន ត្បូងពេជ្រ ០១វង់ , ទូរសព្ទ ម៉ាក សាំសុង អេច៩ មួយ គ្រឿង និង ម៉ាក អូប៉ូមួយគ្រឿង ។
ចំពោះ ជនសង្ស័យ ឈ្មោះ បាន ណារ័ត្ន ហៅ ង៉ោល ធ្លាប់មានប្រវត្តិ សកម្ម ភាព លួច រថយន្ត ក្នុង ភូមិសាស្ត្រ ខេត្តកណ្តាល និងបានជាប់ពន្ធនាគារ រយៈពេល មួយ ឆ្នាំ កន្លះ និងបានចេញ នៅខែកក្កដា ឆ្នាំ២០២១ ។
បច្ចុប្បន្ន នាយកដ្ឋាន នគរបាល ព្រហ្ម ទណ្ឌ បានប្រគល់ជនសង្ស័យឲ្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕