ព្រោះតែគ្រឿងញៀន! វា.យប្រពន្ធផង បំផ្លាញទ្រព្យសម្បត្តិ លើកនេះទ្រាំលែងបានប្រពន្ធប្តឹងប៉ូលិសឲ្យចា.ប់ខ្លួន
សន្តិសុខសង្គម
513

រាជធានីភ្នំពេញ ៖ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បុរសម្នាក់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ ចាប់ឃាត់ខ្លួនកាលពីវេលាម៉ោង១១និង០០នាទី ថ្ងៃទី២៥ ខែសី ហា ឆ្នាំ២០២១ នៅចំណុចផ្ទះរបស់ខ្លួន លេខ៣៩ ផ្លូវបេតុង ស្ថិតនៅភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោរាជធានីភ្នំពេញ ក្នុង ករណីធ្វើឲ្យខូចខាតដោយចេតនាប្រព្រឹត្តដោយសហព័ន្ធ(បំផ្លិចបំផ្លាញទ្រព្យសម្បតិ្តក្នុងគ្រួសារ)។

សមត្ថកិច្ចបានឲ្យដឹងថា បុរសជនសង្ស័យឈ្មោះ ធំ សារី អាយុ៣៨ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅផ្ទះកើតហេតុខាងលើ និងជនរងគ្រោះជាប្រពន្ធឈ្មោះ រឿន សារីម អាយុ៣៥ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅផ្ទះជាមួយគ្នា។

ក្នុងនោះសមត្ថកិច្ចបានដកហូតបានវត្ថុតាងមាន៖ ១/អំបែងកញ្ចក់មួយចំនួន, ២/កាំបិតប៉័ងតោប្រវែង៣០សង់ទីម៉ែត្រចំនួន០១។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង០៩និង០០នាទី ជនរងគ្រោះឈ្មោះ រឿន សារីម ភេទស្រី អាយុ៣៥ឆ្នាំ កំពុងអង្គុយនៅក្នុងផ្ទះលេខ៣៩ ផ្លូវបេតុង ស្ថិតនៅភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ស្រាប់តែជនសង្ស័យឈ្មោះ ធំ សារី ភេទប្រុស អាយុ៣៨ឆ្នាំ (ត្រូវជាប្តីរបស់ជនរងគ្រោះ) ដើរចូលក្នុងផ្ទះសុំលុយពីជនរងគ្រោះយកទៅស៊ីចាយ តែជនរងគ្រោះមិនឱ្យ រួចជនសង្ស័យខឹងក៏បានយកកាំបិតកាប់តុ ទូរ ទ្វារកញ្ចក់ បោកចានឆ្នាំង និងសម្ភារៈផ្សេងៗទៀតនៅក្នុងផ្ទះបណ្តាលឱ្យខូចខាតមួយចំនួន ។

សមត្ថកិច្ចបន្តថា ដោយឃើញសភាពការណ៍សាហាវយ៉ាងដូច្នេះ ជនរងគ្រោះបានមករាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាល រដ្ឋបាលព្រៃវែង ឱ្យជួយអន្តរាគមន៍ រួចសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃវែង ក៏បានចុះទៅដល់កន្លែងកើតហេតុ ឃាត់ខ្លួន ជនសង្ស័យ រួមនិងវត្ថុតាង១/អំបែងកញ្ចក់មួយចំនួន, ២/កាំបិតប៉័ងតោប្រវែង៣០សង់ទីម៉ែត្រចំនួន០១ យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃវែង តាមនីតិវីធីច្បាប់ ។

គួររំលឹកថា កន្លងមកជនសង្ស័យធ្លាប់បានប្រព្រឹត្តអំពើហិង្សាលើជនរងគ្រោះ, វ៉ៃបំផ្លិចបំផ្លាញទ្រព្តសម្បត្តិក្នុងគ្រួសារ និងយកទ្រព្យសម្បត្តិក្នុងផ្ទះទៅលក់ស៊ីចាយ និងទិញគ្រឿងញៀនជក់ជាច្រើនលើកច្រើនសារមកហើយ ទើបជនរងគ្រោះជាប្រពន្ធក៏បានសម្រេចចិត្តដាក់ពាក្យបណ្តឹង ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តងនៅពេលនេះតែម្តង៕


Telegram