រថយន្តឡង់គ្រឺស័រ បុកចូលផ្ទះប្រជាពលរដ្ឋ បញ្ចប់គ្នាត្រឹមសំណងជិត៣ពាន់ដុល្លារ
រាជធានីភ្នំពេញ ៖ បុរសម្នាក់បើករថយន្តឡង់គ្រឺស័រ បុកចូលផ្ទះប្រជាពលរដ្ឋ បណ្ដាលអោយរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង២ យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ តាមផ្លូវបេតុង សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្ដស៊េរីទំនើបម៉ាកឡង់គ្រឺស័រ មួយគ្រឿង បានធ្វើដំណើរតាមបណ្ដោយផ្លូវ សហព័ន្ធរុស្ស៊ី បានបត់ចូលតាមបណ្ដោយផ្លូវបេតុង ចូលវត្តតាំងក្រសាំង បានរេចង្កូត ទៅបុកចូលផ្ទះបងប្អូនប្រជាពលរដ្ឋ ដែលកំពុងសម្រាកក្នុងផ្ទះ សំណាងល្អ គ្មាននរណាម្នាក់ រងរបួសឡើយ។
ក្រោយកើតហេតុ សមត្ថកិច្ចអោយម្ចាស់រថយន្ដ និងម្ចាស់ផ្ទះ ចរចារគ្នា ដោយម្ចាស់ផ្ទះបានទាមទារសងជាលុយ ចំនួន២ម៉ឺងដុល្លារ ប៉ុន្ដែម្ចាស់រថយន្ដមិនមានលុយសងនោះទេ សុំថ្លៃសងក្នុងតម្លៃ២៧៥០ដុល្លារ ចុងក្រោយម្ចាស់ផ្ទះក៏យល់ព្រម ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕