រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ ពិតជាថ្លើមធំមែន ឃើញម៉ូតូរបស់សមត្ថកិច្ចចតទុកនៅចំណុចរង្វង់មូលព្រហ្មមុខបួន ជាប់ស្ពានជ្រោយចង្វារត្រើយខាងកើត ដែលមានជាប់សោរស្រាប់ បែរជាលួចឡើងជិះរត់ ត្រូវសមត្ថកិច្ចដេញតាមចាប់ពេញផ្លូវយ៉ាងប្រផាប់ប្រភីង បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១ និង៤០នាទី ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ នៅចំណុចផ្លូវ OCIC ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ដំបូងឡើយ គេបានឃើញជនសង្ស័យរូបនេះ បានដើរដើរសំដៅមករង្វង់មូលព្រហ្មមុខបួន ដែលនៅជាប់ស្ពានជ្រោយចង្វារត្រើយកើត ពេលនោះក៏ឃើញម៉ូតូរបស់សមត្ថកិច្ច ដែលចតនៅស្ងៀម មានជាប់សោរស្រាប់ ក៏ឡើងជិះរត់ ត្រូវបានសមត្ថកិច្ចឃើញទាន់ ចេញម៉ូតូដេញតាមយ៉ាងប្រផាប់ប្រភីង ធាក់ផង កាក់ផងតែអត់ដួល រហូតដល់ចំណុចផ្លូវ OCIC ជនសង្ស័យឃើញប៉ូលិសច្រើនពេក ភ័យក៏ផ្តួលម៉ូតូសមត្ថកិច្ចនោះ ចោល ហើយរត់ចូលឃ្លាំង មួយកន្លែង តែសំណាងមិនជួយ ត្រូវបានសន្តិសុខ និងប្រជាពលរដ្ឋ រួមទាំងសមត្ថកិច្ច ដេញស្ទាក់ចាប់បានខ្លួនបានភ្លាមៗ បញ្ជូនទៅកាន់ប៉ុស្តិ៍ជ្រោយចង្វារដើម្បីធ្វើការសាកសួរ ដោយមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ និងដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕