ខេត្តព្រះសីហនុ ៖ យុវជនម្នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកព្រៃនប់ ឃាត់ខ្លួន នៅវេលាម៉ោង៣និង២០នាទី រសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ នៅភូមិសំរ៉ុង ឃុំសំរ៉ុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថស្រុក ក្រោយពីយុវជនរូបនេះ បានធ្វើសកម្មភាព គប់រថយន្តជិះលក្ខណៈគ្រួសារក្នុងពេលរថយន្តកំពុងបើកបរ ដែលមានមានមនុស្សជាច្រើននាក់។
លោកអនុសេនីយ៍ឯក ម៉ែន វណ្ណា មេបញ្ជាការស្តីទីមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់បានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនឈ្មោះង៉ែត ភារម្យ អាយុ ២៣ឆ្នាំ មុខរបរ ជាងជួសជុលរថយន្ត ទីលំនៅបច្ចុប្បន្នភូមិសំរ៉ុងក្រោម ឃុំសំរ៉ុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានធ្វើសកម្មភាពគប់រថយន្ត ដែលកំពុងបើកបរតាមបណ្តោយផ្លូវជាតិ កាលពីវេលាម៉ោង៩យប់ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ (៥ថ្ងៃមុន) បណ្តាលឲ្យត្រូវកញ្ចក់ចំហៀងបែកធ្លាក់ តែជាសំណាងមិនបង្កឲ្យមានគ្រោះដល់មនុស្សក្នុងរថយន្តឡើយ។
លោកមេបញ្ជាការស្តីទីបានបន្តថា នេះគឺជាសកម្មភាពមួយដែលថ្នាក់ដឹកនាំតែងតែណែនាំជាបន្តបន្ទាប់ ដល់កម្លាំងក្នុងអង្គភាពត្រូវយកចិត្តទុកដាក់បង្ក្រាប់អោយបានយកមកអនុវត្តន៍ច្បាប់ដល់ជនដែលបង្ក ព្រោះករណីនេះប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម សុវត្ថិភាព ភូមិ ឃុំ និងអាចបង្កឲ្យមនុស្សមានគ្រោះថ្នាក់បាន។
លោក ម៉ែន វណ្ណា បានបន្ថែមថា ក្រោយពីការសាកសួរ ជនសង្ស័យខាងលើបានសារភាពថាពិតជាបានគប់កញ្ចក់រថយន្តពិតប្រាដកមែន មូលហេតុថា ខ្លួនបានខឹងលើរថយន្តផ្សេងមុននឹង បើកមកប៉ះដៃខ្លួនដែលកំពុងដើរ។
បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបានបញ្ជូនទៅកាន់ការិយាល័យព្រហ្មទណ្ឌអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីបន្តទៅតាមនីតិវិធីច្បាប់៕