បុរសម្នាក់ រត់ម៉ូតូឌុបរកលុយចិញ្ចឹមកូន បែរជាត្រូវរថយន្តកុងតឺន័រ បុ.កចំពីមុខប៉ើងប្រមាណ២០០ម៉ែត្រ ស្លា.ប់.យ៉ាងរ.ន្ធ.ត់
សន្តិសុខសង្គម
257

រាជធានីភ្នំពេញ ៖ បុរសអ្នករត់ម៉ូតូឌុបម្នាក់ ត្រូវបានរថយន្តកុងតឺន័ររេចង្កូតចូលគន្លងផ្លូវម្ខាងទៀត បុកស្លាប់ យ៉ាងរន្ធត់ ខណៈទាំងមនុស្សទាំងម៉ូតូ ត្រូវបានរថយន្តបុកប៉ើងប្រមាណ២០០ម៉ែត្រ ខ្ទេចយ៉ាងដំណំ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១០ យប់ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ នៅចំណុចផ្លូវថៃហ្គ័រ ក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សាច់ញាតិជនរងគ្រោះ បានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់នេះ មានឈ្មោះ មាន បាន ភេទប្រុស អាយុ ៤៤ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅ ភូមិម្លប់ឬស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល ដោយមានប្រពន្ធ និងកូន៣នាក់ក្នុងបន្ទុកគ្រួសារ ហើយបានចេញពីផ្ទះមករត់ម៉ូតូឌុបរកលុយ អកុសល្យបែរជាត្រូវរថយន្តបុកស្លាប់ទៅវិញ ។

ប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញម៉ូតូឌ្រីមសេ១២៥ មួយគ្រឿង ពាក់ស្លាកលេខ កណ្ដាល 1V-1362 ធ្វើដំណើរតាមបណ្ដោយផ្លូវថៃហ្គ័រ មកដល់ចំណុចកើតហេតុ ក៏មានរថយន្តធុនធំមួយគ្រឿង ដែលពាក់ស្លាកលេខ ភ្នំពេញ 3A-6868 ក្នុងទិសដៅបញ្ច្រាសគ្នា ដោយខាងរថយន្តបានរេចង្កូតមកចូលចំណែកផ្លូវម្ខាងទៀត បុកគ្នាជាមួយម៉ូតូជនរងគ្រោះ ពេញមួយទំហឹង បណ្ដាលឲ្យបុរសម្នាក់ដែលជាអ្នករត់ម៉ូតូឌុបនោះ ប៉ើងហោះចេញពីមុខរថយន្តចម្ងាយជាង២០០ម៉ែត្រ បណ្ដាលឲ្យស្លាប់បាត់បង់ជីវិត ភ្លាមៗ រួចរថយន្តនោះបានបន្តល្បឿនទៅមុខបើករត់ តែត្រូវបានកម្លាំងសមត្ថកិច្ច របស់អធិការនគរបាលខណ្ឌច្បារអំពៅ ធ្វើការដេញឃាត់បាន នៅត្រង់ចំណុចផ្លូវជាតិលេខ១ ចំណែកឯអ្នកបើកបររថយន្ត បានបើកទ្វាររថយន្តរត់គេចពីកន្លែងកើតហេតុនៅសល់តែរថយន្តប៉ុណ្ណោះ។

បន្ទាប់ពីកើតហេតុគេបានឃើញសាច់ញាតិជនរងគ្រោះ បានមកដល់ទីតាំងកើតហេតុ យំសោកស្តាយស្រណេះ សាច់ញាតិ ដែលជាកូន ប្អូន បងប្រុស ជាទីស្រឡាញ់ ដែលបានស្លាប់ដោយករណីដ៍រន្ធត់នេះ និងមានការអុជធូបទៀន សែនព្រេន ហៅព្រលឹងជនរងគ្រោះទៅផ្ទះដើម្បីធ្វើបុណ្យផងដែរ ។ ចំណែករថយន្តនិងម៉ូតូ ត្រូវបានសមត្ថកិច្ចធ្វើការវាស់វែង យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត ៕


Telegram