រាជធានីភ្នំពេញ ៖ រថយន្តហាយឡែនឌ័រមួយគ្រឿង សង្ស័យអ្នកបើកបរស្រវឹង បើកនៅក្នុងល្បឿនលឿន រេចង្កូតបញ្ច្រាសផ្លូវ បុកបង្គោលភ្លើងពេញទំហឹង រួចក្រឡាប់រថយន្តផ្ងារជើងច្រង៉ាង កាលពីវេលាម៉ោង ១០ និង២០នាទីយប់ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ជិតសាលាខណ្ឌមានជ័យ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ សង្ស័យស្រវឹង បើករថយន្តមួយគ្រឿង ម៉ាក ហាយឡែនឌ័រ ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2BK-9687 តាមបណ្ដោយផ្លូវ៦០ម៉ែត្រ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន បានរេចង្កូតបញ្ច្រាសផ្លូវ មកខាងឆ្វេងដៃ បុកបង្គោលភ្លើងបាក់អស់១ដើម រួចក្រឡាប់ផ្ងាជើងសង្កត់ដើមឈើបាក់១ដើមថែមទៀត ចំណែកតៃកុងរថយន្ត លូនចេញពីរថយន្ត គ្រាន់តែរបួសស្រាលប៉ុណ្ណោះ ។
ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលចរាចរណ៍ខណ្ឌមានជ័យ បានចុះមកដល់ចំណុចកើតហេតុ វាស់វែងនិងស្ទូចយករថយន្ត ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់ចូលខ្លួនដោះស្រាយតាមនីតិវិធីច្បាប់ ៕