រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលខ្លាំងទាំងយប់ ខណៈប្រជាពលរដ្ឋ បានធ្វើដំណើរកាត់លើស្ពានជ្រោយចង្វារ បានប្រទះឃើញ អាវ ស្បែកជើង និងរូបថត គូសង្សារមួយគូ សង្ស័យថាបានលោតទឹកសម្លាប់ខ្លួន ផ្អើលប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះមកពិនិត្យទាំងយប់ នាវេលាម៉ោង៣ទៀបភ្លឺ ឈានចូលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១នេះ លើស្ពានជ្រោយចង្វារ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ភ្លាមៗប្រភពព័ត៌មាននៅទីតាំងកើតហេតុ បានរៀបរាប់ថា គឺបានឃើញនារីម្នាក់ បានមកលោតទឹកសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វារនេះ បន្សល់ទុកតែស្បែកជើងមួយចំហៀង អាវមួយ និង រូបថតគូសង្សារ១សន្លឹក ទើបប្រញាប់រាយការណ៍ជូនសមត្ថកិច្ច ដើម្បីចុះមកពិនិត្យ និងយកសម្ភារៈទាំងនោះ មករក្សាទុកនៅប៉ុស្តិ៍ដើម្បីស្រាវជ្រាវ ។
ប៉ុន្តែដែលហួសចិត្តនោះ ក្រោយមានការភ្ញាក់ផ្អើលពេញបណ្តាញសង្គម ស្រាប់តែម្ចាស់ខ្លួនទាំង២នាក់ ចេញមុខបកស្រាយថា មិនបានលោតទៅវិញ ។
បើសម្តីរបស់ភាគីខាងស្រី និងបុរសជាសង្សារ ទាំង២នាក់ដែលនៅក្នុងរូបថតនេះ បានឲ្យដឹងថា នាងធ្វើបែបនេះ ដោយសារតែឈ្លោះជាមួយនឹងសង្សារ ។ ខាងប្រុសបាននិយាយថា រាល់ដងឲ្យតែផឹកស្រវឹង នាងជាសង្សារតែងតែឈ្លោះគ្នាជាមួយខ្លួន ហើយជេរមកលើខ្លួនថែមទៀត តែខ្លួនមិនដែលតបតនោះទេ ហើយមុនពេលកើតហេតុ ពួកគេបានឈ្លោះគ្នា ហើយក៏បាត់នាងពីផ្ទះ មួយសន្ទុះក្រោយនាងក៏មកវិញ ខ្លួនបានដេកនៅផ្ទះមិនដឹងរឿងនោះទេ ។
ចំណែកខាងស្រីបាននិយាយថា មុនពេលកើតហេតុខ្លួនបានផឹកស្រវឹង ហើយឈ្លោះជាមួយសង្សារ ខឹងពេកនាងក៏បានជិះPassApp មួយគ្រឿង ដែលមានអាវ ស្បែកជើង និងរូបថត មកជាមួយ ។ មកដល់ស្ពានជ្រោយចង្វារ នាងក៏បានព្យាយាមលោតទឹកសម្លាប់ខ្លួន តែត្រូវបានពូរត់PassAppនោះ ហៅនាងឲ្យចុះមក អាណិតម៉ែឪ កុំធ្វើបែបនឹង រួចក៏ជួយទាញនាងមកវិញ របូតស្បែកជើង និងអាវ និងរូបថត នៅទីនោះតែម្តង ហើយPassApp ក៏បានជូននាងមកផ្ទះ ។
នារីខាងលើ ក៏បានសូមទោសដល់សាធារណៈជន បងៗសមត្ថកិច្ចទាំងអស់ ដែលនាងធ្វើបែបនេះ ហើយនាងក៏បានបញ្ជាក់ថា នាងមិនបានលោតទឹកសម្លាប់ខ្លួននោះទេ ពោលគឺនាងមិនទាន់បានលោតនៅឡើយ ៕