រាជធានីភ្នំពេញ ៖ រថយន្តប្រភេទក្រឡុកស៊ីម៉ងត៍បិទឡូហ្គូ CHIP MONG បុកម៉ូតូសង់សេ១២៥ កិនបុរសម្នាក់ ស្លាប់យ៉ាងរន្ធត់បំផុតក្នុងថ្លុកឈាម បង្កការភ្ញាក់ផ្អើលខ្លាំង កាលពីវេលាម៉ោង៩យប់ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវ៥៩៨ ក្នុងសង្កាត់បឹងកក់ទី ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា សាកសពជនរងគ្រោះ មានឈ្មោះ រីក សុខខេង ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរធ្វើការនៅឃ្លាំង បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ មានស្រុកកំណើត នៅភូមិធ្លកវៀន ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញម៉ូតូឌ្រីមសេ១២៥ មួយគ្រឿង ដែលពាក់ស្លាកលេខ ភ្នំពេញ 1AM-2121 បើកបរដោយយុវជនម្នាក់ ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង តាមបណ្ដោយផ្លូវ៥៩៨ លុះដល់ចំណុចកើតហេតុ ត្រង់ផ្លូវបំបែកជា៣ ក៏មានរថយន្ដមួយគ្រឿង ដែលពាក់ស្លាកលេខ ភ្នំពេញ 5A-0726 ប្រភេទក្រឡុកស៊ីម៉ងត៍ក្រុមហ៊ុន ជីបម៉ុង បានបុកម៉ូតូជនរងគ្រោះ រួចហើយកិនជនរងគ្រោះយ៉ាងរន្ធត់ក្រោមកង់រថយន្ត ស្លាប់ក្នុងថ្លុកឈាមតែម្តង ។ ភ្លាមៗនោះអ្នកបើកបររថយន្តក្រឡុកស៊ីម៉ង់ត៍ ដែលបិទឡូហ្គូ CHIP MONG បានបើកទ្វាររថយន្ត រត់គេចពីកន្លែងកើតហេតុ សល់តែរថយន្តនៅចំកណ្ដាលផ្លូវប៉ុណ្ណោះ ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍របស់អធិការនគរបាលខណ្ឌទួលគោក សហការជាមួយនគរបាលចរាចរណ៍ល្រុង ចុះធ្វើការវាស់វែង យករថយន្តនិងម៉ូតូទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត និងប្រគល់សពជនរងគ្រោះឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕