រាជធានីភ្នំពេញ ៖ បុរសម្នាក់ បើករថយន្ត ឡូហ្គូPolice ស្លាកលេខ នគរបាល រ៉េចង្កូតទៅបុកបង្គោលភ្លើង ក្បែរសាលាសង្កាត់ទួលសង្កែទី២ បណ្តាលឲ្យបាក់រាបដល់ដី គឿងរថយន្តជាប់ទៅមុខលែងរួចតែម្តង ចំណែករថយន្តរងការខូចខាតក្បាលខាងមុខយ៉ាងដំណំ កាលពីវេលាម៉ោង ៩យប់ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ នៅចំណុចផ្លូវ១៨០០ ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ខណៈដែលមេឃកំពុងធ្លាក់ភ្លៀង គេបានឃើញបុរសម្នាក់ បើករថយន្ដ តូយ៉ូតា ហ៊ីឡុច រ៉េវ៉ូ ពាក់ស្លាកលេខ នគរបាល 2-0148 បានធ្វើដំណើរតាមបណ្ដោយផ្លូវ ១៨០០ លុះមកដល់ក្បែរសាលាសង្កាត់ទួលសង្កែទី២ ក៏បានរ៉េចង្កូត ទៅបុកនឹងបង្គោលភ្លើងបំភ្លឺផ្លូវ បណ្ដាលអោយបាក់ធ្លាក់ដល់ដីចំនួន១ដើម គឿងជាប់នឹងបង្គោលភ្លើង ទៅមុនលែងរួច តែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែង យករថយន្តខាងលើ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់ចូលខ្លួនមកធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕