រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលទាំងយប់ ខណៈបុរសម្នាក់ ជិះកង់បីឥណ្ឌា មកលោតទឹកសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វារ លិចបាត់ឈឹង សល់តែស្បែកជើង និងកង់បីឥណ្ឌា នៅលើស្ពាន កាលពីវេលាម៉ោង១២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ប្រភពព័ត៌មាន ពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុ មានបងប្អូនប្រជាពលរដ្ឋ បានជិះម៉ូតូមកប្រាប់ថា មានបុរសម្នាក់ អាយុ៣០ឆ្នាំជាង បានជិះកង់បីឥណ្ឌាមួយគ្រឿង ដែលពាក់ស្លាកលេខ ស្វាយរៀង 1N-2912 បានបើកមកលើស្ពានជ្រោយចង្វា ចំពាក់កណ្ដាលស្ពាន ហើយក៏បានដោះស្បែកជើង និងលុយមួយចំនួន និងទូរសព្ទដៃមួយគ្រឿង រួមទាំងកង់បីឥណ្ឌា នៅលើស្ពាន រួចក៏លោតចុះពីលើកស្ពានជ្រោយចង្វា គ្មានបងប្អូនប្រជាពលរដ្ឋណា ឃាត់ទាន់ឡើយ។
ភ្លាមនោះសមត្ថកិច្ច ក៏បានមកដល់កន្លែងកើតហេតុ ដោយបានយករបស់របរជនរងគ្រោះ យកទៅរក្សាទុកនៅប៉ុស្ដិ៍នគរបាលជ្រោយចង្វារ ដើម្បីទំនាក់ទំនងរកសាច់ញាតិ។ ភ្លាមនោះសាច់ញាតិក៏បានមកដល់ ទើបដឹងថា ជនរងគ្រោះមានឈ្មោះ តូច វិនដា អាយុ ៣០ឆ្នាំ មុខរបរជាអ្នករត់ម៉ូតូកង់បីឥណ្ឌា ស្នាក់នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយប្រពន្ធក៏បានមកដល់ យំសួររកប្ដី ទ្រូងស្ទើរប្រេះបែក និងបានជួលបងប្អូននេសាទត្រី ជួលទូក តាមរកប្ដីរបស់គាត់ តែមិនឃើញទាល់តែសោះ ។ ចំណែកសម្ភារៈនិងម៉ូតូកង់បីឥណ្ឌារបស់ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្ដិ៍នគរបាលជ្រោយចង្វា ដើម្បីឲ្យក្រុមគ្រួសារយកឯកសាមកទើបសមត្ថកិច្ចនិងប្រគល់អោយវិញ៕