រាជធានីភ្នំពេញ ៖ សាច់ញាតិស្លុតអស់ស្មារតីស្ទើរតែមិនអាចទទួលបាន ដោយខំប្រឹងធ្វើចលនាបេះដូង សង្គ្រោះជនរងគ្រោះទាំងដែលជនរងគ្រោះអស់ដង្ហើមទៅហើយ ក៏នៅតែបន្តធ្វើបណ្តើរ ស្រែកយំបណ្តើរ ហៅឈ្មោះឲ្យបើកភ្នែកឡើង យ៉ាងអាសូរបំផុតក្រោមមេឃកំពុងធ្លាក់ភ្លៀងខ្លាំង ។
គ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់នេះ បានផ្តាច់យកជីវិតបុរសម្នាក់ ខណៈកំពុងជិះម៉ូតូតាមផ្លូវ ហើយក៏បានបុកចំចំហៀងរថយន្ដមិនស្គាល់ម៉ាកមួយគ្រឿង ពេញមួយទំហឹង ស្លាប់មួយរំពេចក្នុងថ្លុកឈាម កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវ សហព័រុស្សី ក្នុងសង្កាត់ កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្ដមួយគ្រឿង ម៉ាកតូយូតាឡង់គ្រីស័រប្រាដូ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2H-1578 បើកបរតាមបណ្ដោយផ្លូវ សហព័ន្ធរុស្ស៊ីមុខព្រលានយន្ដហោះ មកដល់ចំណុចកើតហេតុ រថយន្តបានបត់ឆ្លងផ្លូវភ្លោះ ក៏មានបុរសម្នាក់ ដែលជិះម៉ូតូម៉ាកហុងដាសេ១១០ សង់ប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 1BE-6870 បុកចំចំហៀងរថយន្ត ពេញមួយទំហឹង បោកក្បាលជាមួយកញ្ចក់ផ្នែកចំហៀងខាងក្រោយ បណ្ដាលឲ្យបុរសអ្នកជិះម៉ូតូ ស្លាប់នៅក្នុងថ្លុកឈាមយ៉ាងរន្ធត់ ខណៈមេឃកំពុងធ្លាក់ភ្លៀងខ្លាំង ។ រី ឯរថយន្តបង្ក បានបន្តល្បឿនបើករត់គេចខ្លួនបាត់ស្រមោល ទៅដល់ផ្លូវបេតុងសង្កាត់គោលឃ្លាង ខណ្ឌសែនសុខ តែក៏ត្រូវបានសមត្ថកិច្ចឃាត់បាន ។
បន្ទាប់ពីកើតហេតុ គេបានឃើញសាច់ញាតិជនរងគ្រោះ បានមកដល់ យំសោកបោកខ្លួនខ្លាំង អ្នកខ្លះបាត់បង់ម្ចាស់ការលើខ្លួនឯង ខ្លះទៀតមិនអាចទទួលយកបាន ថាប្អូនស្លាប់ គឺបានធ្វើចលនាសង្គ្រោះបឋម សង្កត់បេះដូងនិងដង្ហើម ក្រែងបង ឬប្អូនបើកភ្នែកឡើងមកវិញ តែសូមចូលរួមរំលែកទុក្ខផង ជនរងគ្រោះគឺបានស្លាប់ទៅហើយ ។
សាច់ញាតិជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់នេះ គឺមានឈ្មោះ ប៉ែន ចាន់កាឌីន ភេទប្រុស អាយុ៣៩ឆ្នាំ ស្នាក់សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានធ្វើការពិនិត្យនិងវាស់វែង ប្រគល់សពជនរងគ្រោះឲ្យសាច់ញាតិក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ។ ចំណែកម៉ូតូនិងរថយន្ត ត្រូវបានសមត្ថកិច្ចវាស់វែង យកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត ៕