រាជធានីភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូតាមផ្លូវ ត្រូវរថយន្ដឡិចស៊ីសមិនចាំស្លាកលេខមួយគ្រឿង បុកចំពីក្រោយពេញមួយទំហឹង បណ្ដាលអោយស្លាប់ នៅក្នុងថ្លុកឈាមយ៉ាងរន្ធត់ ហើយបន្តល្បឿនបើករត់បាត់ស្រមោល កាលពីវេលាម៉ោង១០ យប់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវ ២០១១ ភ្នំសង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ជនរងគ្រោះដែលស្លាប់មានឈ្មោះ ម៉ឹង សុគុន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរជាងភ្លើង ស្នាក់នៅទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានស្រុកកំណើត ភូមិវ៉ារិន្ទទី១ ឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម។
ប្រភពព័ត៌មានបឋមបានឲ្យដឹងថា មុនកើតហេតុ គេបានឃើញជនរងគ្រោះ ជិះម៉ូតូម៉ាកហុងដាឌ្រីម សង់ស៊េរីឆ្នាំ ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IE-6490 ធ្វើដំណើរតាមបណ្តោយផ្លូវ ២០២១ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តមួយគ្រឿងម៉ាកឡិចស៊ីស មិនចាំស្លាកលេខ មកពីក្រោយក្នុងល្បឿន បុកម៉ូតូពេញទំហឹង បណ្ដាលឲ្យជនរងគ្រោះដួលបោកទៅនឹងថ្នល់ ស្លាប់យ៉ាងអាណោចអាធ័មក្នុងថ្លុកឈាម រួចរថយន្តបង្កនោះ បានបន្តល្បឿនបើករត់គេចខ្លួនបាត់ស្រមោល ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបានរាវរកទូរសព្ទក្នុងហៅរបស់សាកសព ដើម្បីស្គេនក្រយ៉ៅដៃ ទាក់ទងទៅកាន់សាច់ញាតិក្រុមគ្រួសារឲ្យមកកាន់ទីតាំងកើតហេតុ និងបានយកម៉ូតូជនរងគ្រោះ ទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីរង់ចាំសាច់ញាតិ យកឯកសារម៉ូតូមកទើបប្រគល់ម៉ូតូឲ្យវិញ និងស្រាវជ្រាវរករថយន្តបង្ក ដើម្បីចូលខ្លួនមកដោះស្រាយគ្នាតាមច្បាប់បន្តទៀត ៕