ខេត្តបន្ទាយមានជ័យ ៖ យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្ត បន្ទាយមានជ័យ បានឲ្យដឹងថា ជនសង្ស័យចំនួន២នាក់ ជាមុខសញ្ញាឆក់កាបូបយ៉ាងសកម្ម ត្រូវបានកម្លាំងនគរបាលក្រុងប៉ោយប៉ែតធ្វើការឃាត់ខ្លួនបាន ក្រោយរត់គេចខ្លួនបាន២ថ្ងៃប៉ុណ្ណោះ រួចបញ្ជូនទៅតុលាការ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ ។
លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវិធីដោយឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោក បានដឹកនាំកម្លាំងចុះស្រាវជ្រាវអស់រយៈពេល២ថ្ងៃ ទើបចាប់ខ្លួនជនសង្ស័យទាំង២នាក់បាន ។
ជនសង្ស័យទាំង២នាក់ រួមមាន ៖
ទី១ឈ្មោះ សួរ ភាក់ណា ហៅមេឃ ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅក្នុងសណ្ឋាគារ ហាក់ហួត ក្នុងភូមិ ក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងទី២ឈ្មោះ លី មករា ហៅម៉ាប់ ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ចំណែកជនរងគ្រោះឈ្មោះ អូន ចន្ទ្រា ភេទស្រី អាយុ៣២ឆ្នាំ ស្នាក់នៅភូមិ មិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលក្នុងកាបូប ចោរបានឆក់យកទៅនោះ មានប្រាក់បាតចំនួន៣០០០B(បីពាន់)បាត, ប្រាក់រៀល ចំនួន៥០០០០៛(ប្រាំម៉ឺន)រៀល, អត្តសញ្ញាណប័ណ្ណចំនួន១, កាតចាក់ថ្នាំកូវីត១៩ ចំនួន១សន្លឹក,ទូរស័ព្ទដៃម៉ាក អាយហ្វូន៨ ផ្លាស់ ពណ៌ស ចំនួន១គ្រឿង,និងសម្ភារៈផ្សេងទៀត។
នៅចំពោះមុខសមត្ថកិច្ចសួរនាំ ជនសង្ស័យទាំង២នាក់ បានសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពជាម៉ូតូឆក់កាបូបពីប្រជាពលរដ្ឋនៅក្នុងក្រុងប៉ោយប៉ែតជាអ្នកញាប់ពិតប្រាកដមែន តែអ្នកដែលធ្វើសកម្មភាពគឺឈ្មោះនិច ១៧ ឆ្នាំ ពេលនេះគេបានរត់គេចខ្លួនបាត់ហើយ។
បច្ចុប្បន្នក្រោយសួរនាំជនសង្ស័យទាំង២នាក់ និងម៉ូតូ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕