លោក ជា ពិសី គ្រាន់តែមកកាន់តំណែងអភិបាលខណ្ឌទួលគោកភ្លាម បង្ក្រាបល្បែងស៊ីសងលួចកត់ឆ្នោតវៀតណាមភ្លែតនិង ឃាត់ខ្លួនមនុស្ស៥នាក់ រួចបិទទីតាំង អនុវត្តតាមច្បាប់ថែមទៀត
សន្តិសុខសង្គម
182

រាជធានីភ្នំពេញ ៖ លោក ជា ពិសី អតីតអភិបាលខណ្ឌឬស្សីកែវ ដែលត្រូវបានផ្លាស់ មកជា អភិបាលខណ្ឌទួលគោក ភ្លាម លោកបានបញ្ជាកម្លាំងសមត្ថកិច្ច ចុះបង្ក្រាបល្បែងស៊ីសងក្នុងមូលដ្ឋានក្នុងទួលគោកភ្លែតតែម្តង ។

បេីយោងតាមផ្លូវការរបស់ លោក ជា ពិសី អភិបាលខណ្ឌទួលគោក បានឲ្យដឹងថា កាលពីវេលាម៉ោង ៣និង១៥នាទី រសៀល ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ដោយអនុវត្តតាមបញ្ជាដឹកនាំរបស់លោក ដែលជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោក និងជាអភិបាលខណ្ឌ លោក ទៀវ សំអឿន អភិបាលរងខណ្ឌទួលគោក បានសហការណ៍ជាមួយ កម្លាំងនគបាលខណ្ឌ គណៈបញ្ជការឯកភាពសង្កាត់ផ្សារដេប៉ូទី៣ និង នគបាលប៉ុស្តិ៍ ចុះបង្ក្រាបទីតាំងលួចកត់ឆ្នោតវៀតណាមមួយកន្លែង ស្ថិតនៅផ្ទះលេខ១០២ ផ្លូវ១២២ ភូមិ៦ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រតិបត្តិការនេះ កម្លាំងបានឃាត់ខ្លួនអ្នកកត់ឆ្នោត២នាក់ អ្នកចាក់ឆ្នោត៣នាក់ និងវត្ថុតាងជាឯកសារកត់ឆ្នោតវៀតណាមមួយចំនួនទៀត ហើយបានបញ្ជូនមនុស្សនិងវត្ថុតាង ទៅអធិការដ្ឋាននគបាលខណ្ឌ ដើម្បីចាត់ការបន្តតាមនិតិវិធី ហើយទីតាំងខាងលើនេះ ត្រូវបាន កម្លាំងគណៈបញ្ជាការ ធ្វើកំណត់ហេតុបិទជាបណ្ដោះអាសន្នផងដែរ។

ការបង្ក្រាបនេះ ត្រូវបានប្រជាពលរដ្ឋមានការសាទរយ៉ាងខ្លាំង ខណៈដែលកន្លងមក ប្រភពព័ត៌មាន បានលើកឡើងថា ក្នុងភូមិសាស្ត្រខណ្ឌទួលគោកនេះ គឺសម្បូរទៅដោយល្បែងស៊ីសងនោះដែរ ដូច្នេះសង្ឃឹមថា លោកជា ពិសី អភិបាលខណ្ឌទួលគោក ដែលទើបនឹងផ្លាស់មកថ្មី នឹងស្រាវជ្រាវបង្ក្រាបល្បែងស៊ីសងទាំងនេះ ឲ្យអស់កុំឲ្យមាន ដើម្បីបំបាត់អំពើអសន្តិសុខ ចោរលួច ឆក់ ប្លន់ និងជាដើម ឲ្យអស់ពីមូលដ្ឋាន ៕


Telegram