ខេត្តព្រះសីហនុ៖ មានការភ្ញាក់ផ្អើល មួយបានកើតឡើង ខណៈជនជាតិចិនមួយក្រុម បានមានទំនាស់ជាមួយគ្នា រហូតមានការដកកាំភ្លើង បម្រុងនឹងផ្ទុះអាវុធទៅហើយ ត្រូវបាន សមត្ថកិច្ចអធិការក្រុងព្រះសីហនុ សហការជាមួយកម្លាំងស្នងការ នគបាលក្រុងព្រះសីហនុ ដឹកនាំដោយលោកវរៈសេនីយ៍ឯក តី វិសាល អធិការក្រុងព្រះសីហនុ ចុះទៅបង្ក្រាបនិងឃាត់ខ្លួនភ្លាមៗបញ្ជូនមកសាកសួរ កាលពីវេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវឯករាជ្យ កែងផ្លូវ ២០០ ក្នុងសង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ។
សមត្ថកិច្ចបានប្រាប់ឲ្យ TVFB ដឹងថា មុនពេលកើតហេតុ ប្រជាពលរដ្ឋបានរាយការណ៍ប្រាប់សមត្ថកិច្ចថា បានឃើញជនជាតិចិនចំនួន ២ ក្រុម កំពុងតែមានទំនាស់ពាក្យសម្ដីគ្នារហូតបង្កជាហិង្សា ដោយភាគីម្ខាងមានកាំភ្លើងនៅក្នុងដៃ បម្រុងបាញ់ទៅហើយ។ លុះប៉ុន្មានម៉ោងក្រោយមក ក៏ភាគីម្ខាងដែលមានកាំភ្លើងនោះ បាននាំគ្នាឡើងរថយន្តមួយគ្រឿងម៉ាក lexus GS300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BF-7554 ចេញពីចំណុចកើតហេតុឆ្ពោះឡើងទៅផ្លូវឯករាជ្យ ខណៈដែលរថយន្តខាងលើបានធ្វើដំណើរទៅដល់ចំណុចផ្លូវបំបែកជាបួនទល់មុខ ABA Bank ក៏ត្រូវបានសមត្ថកិច្ចដឹកនាំដោយ លោកវរៈសេនីយ៍ឯក តី វិសាល អធិការនគរបាលក្រុងព្រះសីហនុ សហការជាមួយនឹងកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌនៃស្នងការនគរបាលខេត្តព្រះសីហនុ ធ្វើការស្ទាក់ឃាត់រថយន្តខាងលើ និងឃាត់ខ្លួនបុរសជនជាតិចិនចំនួន ៤ នាក់ យកទៅធ្វើការសាកសួរភ្លាមៗ ដកហូតបានអាវុធម៉ាករ៉ូឡូចំនួន១ដើម នាំយកទៅកាន់ស្នងការនគរបាលខេត្តព្រះសីហនុនឹងបន្តធ្វើការតាមនីតិវិធីច្បាប់ ៕