រាជធានីភ្នំពេញ ៖ ឪពុកម្តាយ បានយំសោកបោកខ្លួនយ៉ាងខ្លាំង ដោយគាត់បានអះអាងថា ដោយសារអំណាចគ្រឿងញៀន កូនបានលួចប្រើប្រាស់រហូតបាត់បង់សតិ តែក៏មិនដែលធ្វើបាបអ្នកណា ស្រាប់តែថ្ងៃនេះ យកកាំបិតមកអារកសម្លាប់ខ្លួនស្លាប់ក្នុងបន្ទប់ទឹក ទៅវិញ បង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង ១២និង១០នាទី ថ្ងៃត្រង់ទី២ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចផ្ទះជួលមួយកន្លែង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ម្តាយជនរងគ្រោះនិងឪពុកបានរៀបរាប់ទាំងទឹកភ្នែកថា កូនរបស់គាត់មាន ឈ្មោះ ពុធ ហេង ភេទប្រុស អាយុ២៥ឆ្នាំ បានប្រើប្រាស់គ្រឿងញៀនអស់រយ:ពេលប្រមាណ៨ឆ្នាំមកហើយ គាត់ក៏ធ្លាប់បញ្ជូនទៅមណ្ឌលកែប្រែប្រមាណ៤ទៅ៥ដងមកហើយ នៅតែមិនឈប់ ប៉ុន្តែគេមិនដែលធ្វើបាបអ្នកណានោះទេ នៅតែផ្ទះ រាល់ថ្ងៃសុំលុយពីគាត់ជាម្តាយទិញអីហូប ដោយសារតែក្រ ណាមួយមិនហ៊ានឲ្យលុយកូនច្រើនខ្លាំង យកទៅជក់គ្រឿងញៀន គាត់ក៏ឲ្យត្រឹម ៥០០ ទៅ១០០០រៀលប៉ុណ្ណោះ តែនៅតែកូនគាត់លួចជក់បានទៀត ។ លុះដល់ថ្ងៃកើតហេតុ និងដើរលក់មាន់ មកដល់ផ្ទះឃើញកូនតែផ្ទះតែម្នាក់ឯង តែប្លែករាល់ដងទ្វារមិនដែលចាក់គន្លឹះ តែលើកនេះចាក់គន្លឹះទ្វារ គាត់សង្ស័យក៏ទម្លាយទ្វារចូល ឃើញមានឈាមពេញផ្ទះ រកមើលកូនក៏ឃើញដេកដួលស្លាប់ក្នុងថ្លុកឈាមបាត់ទៅហើយ ទាំងដែលកូនរបស់គាត់គ្មានវិបត្តិអ្វីនោះទេ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យ បានចុះមកធ្វើការពិនិត្យនៅទីតាំងកើតហេតុ និងបានធ្វើកោសល្យវិច័យទៅលើសពជនរងគ្រោះ បានឲ្យដឹងថា ពិតជាធ្វើអត្តឃាត អារកសម្លាប់ខ្លួនឯងពិតមែន និងបានប្រគល់សពឲ្យគ្រួសារសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕ មេសា