រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលមួយបានកើត ឡើង ដោយនារីស្រស់ស្អាត២នាក់ បានបែកពពុះមាត់ស្លាប់នៅលើពូកទាំង២នាក់ ក្នុងបន្ទប់ជួល ជាន់ទី៣មួយកន្លែង ក្រោយមិត្តម្នាក់ ដែលផឹកជាមួយគ្នា ទាំង៣នាក់នោះ បានស្លាប់នៅឯស្រុក បន្ទាប់ពីចេញពីផឹកទៅផ្ទះ សរុបទាំងអស់គឺស្លាប់ទាំង៣នាក់ កាលពីវេលាម៉ោង១រសៀល ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចផ្ទះលេខ២៧ ផ្លូវសុធារស ភូមិ៨ ក្រុម៤៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
សមត្ថកិច្ចបានឲ្យដឹងថា សាកសពជនរងគ្រោះទាំង២នាក់ រួមមាន ៖
១.ឈ្មោះ ថុល ស្រីវី ភេទស្រី អាយុ១៩ឆ្នាំ មុខរបររត់តុ មានស្រុកកំណើត ភូមិអ្នកលឿង ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង
២.ឈ្មោះ ព្រួន មូលីកា ភេទស្រី អាយុ១៨ឆ្នាំ មុខរបររត់តុ មានស្រុកកំណើតភូមិឃ្លាំងមឿងខាងត្បូង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ចំណែកម្នាក់ទៀតគឺស្លាប់នៅកន្លែងផ្សេងគ្នា នៅឯស្រុក ក្រោយចេញពីផឹកជាមួយគ្នា សរុបទាំងអស់៣នាក់ ។
តាមសម្តីរបស់ស្ត្រីឈ្មោះ ឆែម ពិសី ភេទស្រី អាយុ២២ឆ្នាំ ត្រូវជាមិត្តភក្តិរបស់ជនរងគ្រោះ បានប្រាប់ឲ្យដឹងថា នៅវេលាម៉ោង០៩និង២០នាទី មានមិត្តភក្តិម្នាក់ បានខលមកសួរថាមានស្គាល់បន្ទប់ជួលរបស់អាវី និងអាការ ទេ? (សពទាំង២) ហើយក៏បានប្រាប់ទៀតថា ឈ្មោះអាផៃ ត្រូវសង្សារអាវីបានស្លាប់ ហើយកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១។ ពួកគេទាំង០៣នាក់ បានផឹកស្រាជុំគ្នានៅក្នុងបន្ទប់ជួលខាងលើ ពេលលឺដូច្នោះ ខ្ញុំក៏បានទូរស័ព្ទទៅអាវីតែគ្មានអ្នកលើក បន្ទាប់មកខ្ញុំក៏បានទៅដល់បន្ទប់ជួល រួចគោះទ្វា បន្ទប់តែមិនមានអ្នកបើក ហើយក៏បានហៅ អ្នកនៅជិតបន្ទប់ដើម្បីមកជួយធាក់ទ្វារបន្ទប់ចូល ស្រាប់តែឃើញអ្នកទាំងពីរ(សព)ដេកបែកពពុះមាត់នៅលើពូក ដោយឃើញអាការមានស្លៀកពាក់ខោអាវធម្មតា។ ចំណែកអាវីពាក់អាវយឺតខោលីអូ តែប៉ុណ្ណោះ ។ បន្ទាប់មកខ្ញុំក៏បានប្រាប់ទៅម្ចាស់ផ្ទះ ដើម្បីរាយការណ៍ទៅសមត្ថកិច្ចចុះមកត្រួតពិនិត្យ ។
ចំណែកម្តាយ របស់ជនរងគ្រោះម្នាក់ ដែលនៅកន្លែងកើតហេតុ បានឲ្យដឹងថាមុនពេលកើតហេតុ គាត់បានតេទូរសព្ទទៅកូន កូនក៏បានទទួលបាន ហើយប្រាប់ថា ខ្ញុំកំពុងផឹក ជាមួយមិត្តភក្តិនៅបន្ទប់ជួល គ្មានលុយទេម៉ែ ទិញស្រាដបមកផឹក ដោយមានគ្នា៣នាក់ លុះមុនពេលកើតហេតុ មានក្មួយម្នាក់ បានតេទូរសព្ទមកប្រាប់ថា មិត្តកូនគាត់បានស្លាប់ហើយ ឲ្យជួយប្រាប់ផង គាត់ក៏តេមកកូន តែពេលមកដល់ កូនបានស្លាប់ទៅហើយ ក៏ប្រញាប់រាយការណ៍ជូនសមត្ថកិច្ចតែម្តង ។
ក្រោយកើតហេតុ ក្រុមគ្រូពេទ្យ បានចុះមកយកសំណាកលើ សពទាំង២នាក់ លទ្ធផលគឺអវិជ្ជមាន ។
សមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យបាន ប្រាប់មកកាន់ក្រុមការងារ TVFB ឲ្យដឹងថាពួកគេបានទិញស្រាដប ចំនួន១២ដបមកផឹក ដោយផឹកអស់១១ដប នៅសល់មួយដប និងបានរកឃើញកំប៉ុងស្ទីងចំនួន១ និងក្រូចឆ្មា នៅសល់ផងដែរ ។ ចំណែកការស្លាប់របស់ជនរងគ្រោះទាំង២នាក់ នៅបន្ទប់ជួលនេះ គឺស្លាប់ដោយសារតែ គាំងបេះដូងនឹងពុលជាតិមេតាណុលលើសកម្រិត(ផឹកស្រា) និងបានប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕ មេសា